
ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានបន្តក្រើនរំលឹកទៅគ្រឹះស្ថានអប់រំទាំងរដ្ឋ និងឯកជននៅទូទាំងប្រទេស ឱ្យពង្រឹងវិធានការសុខាភិបាល ខណៈដែលមេរោគកូវីដ-១៩បំប្លែងខ្លួនអូមីក្រុង កំពុងឆ្លងរាលដាលក្នុងសហគមន៍។
ក្នុងសេចក្ដីណែនាំចេញនៅថ្ងៃនេះ ក្រសួងអប់រំ បានប្រាប់ទៅគ្រឹះស្ថានអប់រំទាំងអស់ ឱ្យពង្រឹងការពាក់ម៉ាស់ និងរក្សាគម្លាតសុវត្ថិភាពឱ្យបានខ្ជាប់ខ្ជួន។
ក្រសួង ក៏បានក្រើនរំលឹកឱ្យត្រួតពិនិត្យសុខភាព និងអាការៈរបស់គ្រូបង្រៀន បុគ្គលិកអប់រំ និងសិស្សានុសិស្សឱ្យបានជាប្រចាំផងដែរ។
ចំពោះការបង្រៀន និងការរៀនក្រសួងអប់រំ បានបញ្ជាក់ថា មិនត្រូវមានចំនួនសិស្សលើសពី ២០នាក់ឡើយ ហើយត្រូវប្ដូរវេនគ្នា និងជំនួសមកវិញដោយការបង្រៀន និងរៀនតាមអនឡាញសម្រាប់សាលារៀន ដែលមានសិស្សច្រើន។
ក្រសួងអប់រំ បានចេញសេចក្ដីណែនាំក្រើនរំលឹកបែបនេះ ខណៈដែលកម្ពុជាបានបន្តរកឃើញករណីឆ្លងមេរោគកូវីដ-១៩បំប្លែងថ្មីប្រភេទអូមីក្រុងនៅក្នុងសហគមន៍ជាបន្តបន្ទាប់។
បើតាមរបាយការណ៍របស់ក្រសួងសុខាភិបាល ករណីឆ្លងមេរោគបំប្លែងថ្មីអូមីក្រុងទៅក្នុងសហគមន៍ បានកើនឡើងដល់ ១២២ករណីហើយគិតត្រឹមថ្ងៃទី២០ ខែមករានេះ៕
