សារព័ត៌មានក្នុងស្រុក រាយការណ៍ថា នគរបាលអូស្រ្តាលី កំពុងតាមប្រម៉ាញ់ខ្មាន់កាំភ្លើងម្នាក់ដែលបានបាញ់សម្លាប់មន្រ្តីនគរបាល ២នាក់ និងបណ្តាលឲ្យមន្រ្តីម្នាក់ទៀត រងរបួសនាថ្ងៃអង្គារនេះ ពេលដែលពួកគេព្យាយាមអនុវត្តដីការចាប់ខ្លួនបុរសម្នាក់ដែលរងការចោទប្រកាន់ពីបទចាប់រំលោភសេពសន្ថវៈ នៅទីក្រុងជនបទ Porepunkah ស្ថិតក្នុងរដ្ឋ Victoria ។
នៅក្នុងសេចក្តីថ្លែងការណ៍បង្ហោះលើបណ្តាញព័ត៌មានសង្គម នគរបាលរដ្ឋ Victoria និយាយថា ពួកគេបានចូលរួមយ៉ាងសកម្មក្នុងឧបទ្ទេវហេតុមួយនេះ នៅទីក្រុងតំបន់ភ្នំ Porepunkah ស្ថិតនៅចម្ងាយប្រហែល ៣០០គ.មភាគឦសានទីក្រុង Melbourne និងបានស្នើសុំឲ្យប្រជាពលរដ្ឋចៀសឆ្ងាយពីទីនោះ ។ នគរបាលពុំបានបញ្ចេញរឿងរ៉ាវលម្អិតពីឧបទ្ទេវហេតុមួយនេះឡើយ ។

សារព័ត៌មានក្នុងស្រុក The Age និយាយថា នគរបាលបានធ្វើដំណើរទៅកាន់អចលនទ្រព្យមួយកន្លែង ដើម្បីអនុវត្តដីកាចាប់ខ្លួនក្នុងករណីចាប់រំលោភសេពសន្ថវៈ ពេលដែលមន្រ្តីនគរបាល ២នាក់ ត្រូវបានគេបាញ់សម្លាប់ ហើយមន្រ្តីម្នាក់ទៀត រងរបួស នៅក្នុងការពួនស្ទាក់វាយប្រហារ ។
សារព័ត៌មានមួយនេះ រាយការណ៍ទៀតថា ក្រុមមន្រ្តីប្រដាប់អាវុធ មកពីក្រុមប្រតិបត្តិការពិសេស ត្រូវបានដាក់ពង្រាយទៅកាន់កន្លែងកើតហេតុ ហើយបច្ចុប្បន្នខ្មាន់កាំភ្លើង កំពុងរត់គេចខ្លួនជាមួយសមាជិកគ្រួសារជាច្រើននាក់ រួមទាំងក្មេងៗផងដែរ ។
ទូរទស្សន៍អូស្ត្រាលី ABC រាយការណ៍ថា នគរបាលមានជំនឿថា ខ្មាន់កាំភ្លើងគឺជាសកម្មជនប្រឆាំងរដ្ឋាភិបាល ៕
