ផ្សែងបានហុយពីលើទីក្រុងហ្កាហ្សានាថ្ងៃអង្គារនេះ ស្របពេលដែលគ្រួសារប៉ាឡេស្ទីនកាន់តែច្រើន បានចាកចេញពីទីក្រុង ក្រោយការផ្លោងគ្រាប់កាំភ្លើងពេញមួយយប់របស់អ៊ីស្រាអែលលើតំបន់ជាយក្រុង ។
អ្នកស្រុកនិយាយថា ការវាយប្រហារតាមច្រកអាកាស និងការផ្លោងគ្រាប់កាំភ្លើងធំរបស់រថក្រោះអ៊ីស្រាអែល បន្តពេញមួយយប់ រហូតដល់ព្រឹកថ្ងៃអង្គារនេះ នៅតំបន់ជាយក្រុង Sabra, Shejaia និង Tuffah ស្ថិតនៅភាគខាងកើតទីក្រុងហ្កាហ្សា ក៏ដូចជាទីក្រុង Jabalia ដោយបំផ្លិចបំផ្លាញផ្លូវ និងផ្ទះជាច្រើនខ្នង ។

យោធាអ៊ីស្រាអែល និយាយថា កងកម្លាំងរបស់ខ្លួន កំពុងប្រតិបត្តិការនៅតំបន់នោះ ដើម្បីស្វែងរកអាវុធ និងបំផ្លាញផ្លូវរូងក្រោមដីដែលប្រើប្រាស់ដោយក្រុមជីវពលហាម៉ាស ។
បើទោះបីជាមានបាតុកម្មនៅក្នុងប្រទេស និងការថ្កោលទោសពីអន្តរជាតិយ៉ាងណាក្តី អ៊ីស្រាអែលនៅតែត្រៀមខ្លួនសម្រាប់ការវាយប្រហារថ្មីនៅទីក្រុងហ្កាហ្សា ដែលពួកគេចាត់ទុកថាជាបន្ទាយចុងក្រោយរបស់ក្រុមហាម៉ាស ។
អាជ្ញាធរសុខភាពក្នុងស្រុក និយាយថា មនុស្សយ៉ាងហោច ៣៤នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលកាលពីយប់កន្លងទៅក្នុងតំបន់ហ្កាហ្សា ហើយនិងនៅថ្ងៃអង្គារនេះ រួមទាំងមនុស្ស ១៨នាក់នៅជុំវិញទីក្រុងហ្កាហ្សា ៕
