
ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានថ្លែងថា ចាប់ពីពេលនេះតទៅក្រ សួងមហាផ្ទៃ ដាក់បំរាមមិនឲ្យជនជាតិអាមេរិកឈ្មោះ GENSER JARED MATTHEW ចូលមកកម្ពុជា ជារៀងរហូត ដោយសារតែបុគ្គលរូបនេះបានល្មើសនិងច្បាប់អន្តោប្រវេសន៍ និងបានធ្វើសកម្មភាពបំ ពានដែនយុត្តាធិការកម្ពុជា ក្នុងគោលដៅគំរាមកំហែងដល់ឯករាជ្យភាពតុលាការកម្ពុជា។
ថ្លែងប្រាប់បណ្តាញសារព័ត៌មានក្នុងស្រុកនារសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២២នេះ ឯកឧត្តមនាយឧ ត្តមសេនីយ៍ ខៀវ សុភ័គ បានលើកឡើងថា ក្រសួងមហាផ្ទៃបានប្រាប់ដល់ប្រព័ន្ធមុខសញ្ញាអន្តោប្រវេសន៍ នៅគ្រប់បណ្តាប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិទាំងអស់នៅកម្ពុជា ដោយមិនឲ្យបុគ្គលរូបនេះចូលមកកម្ពុជានោះទេ ដោយការហាមនេះគឺបានចាប់ផ្តើមធ្វើចាប់ពីដើមខែធ្នូ ឆ្នាំ២០២១មកម្លេះ។
ឯកឧត្តមបានបញ្ជាក់ថា លោក ចារិត ជិនស័រ (GENSER JARED) បានធ្វើដំណើរចូលមកកម្ពុជានៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២១ ដោយប្រើប្រាស់ទិដ្ឋាការទេសចរ ផ្ដល់ដោយស្ថានទូតខ្មែរប្រចាំសហរដ្ឋអាមេរិក និងបានធ្វើដំណើរចេញពីប្រទេសកម្ពុជា នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង២១៖៥៨នាទីយប់ តាមជើងយន្តហោះ 0Z740 ឆ្ពោះទៅកាន់ទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ។
ឯកឧត្តមបន្ថែមថា៖ ក្រៅពីជាប់ពាក់ព័ន្ធនឹងសកម្មភាពបំពានដែនយុត្តាធិការកម្ពុជា ក្នុងគោលដៅគំរាមកំហែងដល់ឯករាជ្យភាពតុលាការកម្ពុជា ជនជាតិអាមេរិកឈ្មោះ ចារិត ជិនស័រ នេះក៏បានល្មើសនឹងច្បាប់ស្តីពីអន្តោប្រវេសន៍ ដោយបានប្រើប្រាស់ទិដ្ឋាការខុសពីគោលបំណងស្នើសុំចូលមកកម្ពុជាដើម្បីទេសចរ ប៉ុន្តែបានធ្វើសកម្មភាពផ្ទុយពីប្រភេទទិដ្ឋាការដែលបានអនុញ្ញាត។
សូមបញ្ជាក់ថា បន្ទាប់ពីមកដល់ប្រទេសកម្ពុជា លោក ចារិត ជិនស័រ បានតាំងខ្លួនជាមេធាវីអន្តរជាតិដោយចូលរួមឃ្លាំមើលដំណើរការសវនាការលើជនជាប់ចោទឈ្មោះ សេង ធាវី និងបានផ្ដល់បទសម្ភា សន៍លើបណ្តាញសារព័ត៌មាននៅមុខសាលាដំបូង រាជធានីភ្នំពេញ ដោយបានហៅសវនាការនោះថាជា «សវនាការឆាកល្ខោន»។ លើសពីនេះ បុគ្គលរូបនេះ ក៏បានព្រមានរាជរដ្ឋាភិបាលថា នឹងមានបញ្ហា បើហ៊ានឲ្យកញ្ញា សេង ធាវី ជាប់ទោសជាដើមនោះ។
ប្រភពដដែលបានបញ្ជាក់ថា ក្រៅពីការដាក់វិធានការចំពោះជនជាតិអាមេរិករូបនេះ ក្រសួងមហាផ្ទៃក៏បានស្នើសុំគោលការណ៍ អនុញ្ញាតឲ្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ផ្សព្វផ្សាយដ ល់គ្រប់ស្ថានទូត, ស្ថានបេសសកម្ម និងស្ថានកុងស៊ុលរបស់កម្ពុជានៅបរទេសមិនអនុញ្ញាតផ្តល់ទិដ្ឋា ការដល់ជនជាតិអាមេរិកឈ្មោះ GENSER JARED MATTHEW ចូលកម្ពុជាផងដែរ៕ អត្ថបទ៖ បាន ចក់
