ប្រេសិតពិសេសសហរដ្ឋអាមេរិកប្រចាំនៅស៊ីរី និងលីបង់លោក Thomas Barrack និយាយនៅថ្ងៃអង្គារនេះថា លីបង់នឹងផ្តល់ផែនការនៅថ្ងៃទី ៣១ ខែសីហាខាងមុខនេះ ក្នុងការបញ្ចុះបញ្ចូលក្រុមហេសបូឡា ឲ្យរំសាយអាវុធ ។
បន្ទាប់ពីជំនួបជាមួយប្រធានាធិបតីលីបង់លោក Barrack និយាយថា អ៊ីស្រាអែលនឹងផ្តល់សំណើឆ្លើយតប ពេលដែលពួកគេទទួលបានផែនការរបស់លីបង់ ។
លោកថា ផែនការលីបង់រៀបចំឡើងនឹងមិនពាក់ព័ន្ធជាមួយសកម្មភាពយោធា ដើម្បីបញ្ចុះបញ្ចូលក្រុមហេសបូឡា ឲ្យបោះបង់អាវុធរបស់ពួកគេនោះទេ ។
លោកបន្តថា កងកម្លាំងប្រដាប់អាវុធលីបង់ និងរដ្ឋាភិបាលលីបង់ មិនជជែកពីការបង្កសង្រ្គាមនោះទេ ។ ពួកគេនិយាយតែពីវិធីសាស្រ្តធ្វើ ដើម្បីបញ្ចុះបញ្ចូលក្រុមហេសបូឡា បោះបង់អាវុធរបស់ពួកគេតែប៉ុណ្ណោះ ។
កាលពីសប្តាហ៍មុន មេដឹកនាំក្រុមហេសបូឡាលោក Naim Qassem បានព្រមានរដ្ឋាភិបាលលីបង់កុំឲ្យតតាំងជាមួយក្រុមគាំទ្រដោយអ៊ីរ៉ង់មួយនេះ ដោយលោកបញ្ជាក់ថា នឹងគ្មានជីវិតនោះទេនៅលីបង់ បើសិនជាពួកគេហ៊ានធ្វើ ។
គួរឲ្យដឹងថា ក្រុមហេសបូឡា បានចុះខ្សោយកម្លាំងយ៉ាងច្រើន ដោយសារសង្រ្គាមជាមួយអ៊ីស្រាអែលកាលពីឆ្នាំមុន ក្នុងនោះមេដឹកនាំ និងយុទ្ធជនរបស់ពួកគេជាច្រើន ត្រូវបានសម្លាប់ ។
កិច្ចព្រមព្រៀងសន្តិភាពរៀបចំឡើងដោយសហរដ្ឋអាមេរិក ដែលបានបញ្ចប់ជម្លោះមួយនេះ តម្រូវឲ្យរដ្ឋលីបង់ រំសាយអាវុធក្រុមប្រដាប់អាវុធមួយនេះ ៕