នៅថ្ងៃអង្គារនេះ កងទ័ពអ៊ីស្រាអែល បានវាយឆ្មក់ទីក្រុង Ramallah ស្ថិតក្នុងតំបន់កាន់កាប់វ៉េសប៊ែងរបស់អ៊ីស្រាអែល ដែលមើលឃើញយុវជនប៉ាឡេស្ទីនប៉ះទង្គិចគ្នាជាមួយទាហានអ៊ីស្រាអែល ។
កងទ័ពអ៊ីស្រាអែល បានបាញ់គ្រាប់ពិត និងកំប៉ុងហ្គាស ស្របពេលដែលក្រុមយុវជនប៉ាឡេស្ទីនចោលដុំថ្មលើរថយន្តយោធា និងទាហានអ៊ីស្រាអែល ។
ក្រុមអឌ្ឍចន្ទក្រហមប៉ាឡេស្ទីននិយាយថា យុវជនប៉ាឡេស្ទីន ៥៨នាក់ បានរងរបួស ដោយសារការបាញ់គ្រាប់កាំភ្លើងពិត និងគ្រាប់កាំភ្លើងជ័រ ខណៈជនប៉ាឡេស្ទីនផ្សេងទៀត រងការថប់ដង្ហើម អំឡុងការវាយឆ្មក់នេះ ។
ទីភ្នាក់ងារព័ត៌មានផ្លូវការ Wafa របស់អាជ្ញាធរប៉ាឡេស្ទីន រាយការណ៍ថា កងទ័ពបានឃាត់ខ្លួនមនុស្សយ៉ាងហោច ៣នាក់ ក្រោយការវាយឆ្មក់លើហាងប្តូរប្រាក់មួយកន្លែង ។
ទីភ្នាក់ងារព័ត៌មានរ៉យទ័រពុំអាចទាក់ទងយោធាអ៊ីស្រាអែល សម្រាប់សេចក្តីអត្ថាធិប្បាយបានឡើយលើការវាយឆ្មក់មួយនេះ ហើយយោធាអ៊ីស្រាអែល និយាយថា សេចក្តីថ្លែងការណ៍មួយនឹងត្រូវចេញតាមក្រោយ ដោយពុំបានបញ្ជាក់ពីពេលវេលាច្បាស់លាស់នោះទេ ។
សូមបញ្ជាក់ថា អ៊ីស្រាអែល បានបង្កើនវត្តមានយោធារបស់ខ្លួននៅតំបន់វ៉េសប៊ែង ភ្លាមៗ ក្រោយការវាយប្រហារដ៏គួរភ្ញាក់ផ្អើលរបស់ក្រុមហាម៉ាសកាលពីខែតុលា ឆ្នាំ ២០២៣លើតំបន់ភាគខាងត្បូងអ៊ីស្រាអែល ជាហេតុបង្កឲ្យកើតមានសង្រ្គាមខ្ទេចខ្ទាំនៅតំបន់ហ្កាហ្សាស្រ្ទីប ៕