អង្គការសហប្រជាជាតិ(UN) និយាយនៅថ្ងៃអង្គារនេះថា មនុស្សជាង ២ពាន់លាននាក់នៅទូទាំងសកលលោក នៅជួបកង្វះខាតទឹកផឹកស្អាតសុវត្ថិភាព ។
ទីភ្នាក់ងារសុខភាព និងកុមាររបស់ UN បាននិយាយថា មនុស្សម្នាក់ ក្នុងចំណោម ៤នាក់ នៅទូទាំងពិភពលោក ពុំមានទឹកផឹកស្អាតសុវត្ថិភាពនោះទេ កាលពីឆ្នាំមុន ក្នុងនោះមនុស្សជាង ១០០លាននាក់ នៅតែពឹងផ្អែកលើទឹកទន្លេ បឹងបួ ត្រពាំង និងព្រែកដដែល ។
អង្គការសុខភាពពិភពលោក(WHO) និងមូលនិធិកុមារអន្តរជាតិអង្គការសហប្រជាជាតិ(UNICEF)និយាយថា សេវាកម្មទឹកស្អាត និងអនាម័យមិនទាន់គ្រប់គ្រាន់ បានធ្វើឲ្យមនុស្សរាប់ពាន់លាននាក់ ស្ថិតក្នុងហានិភ័យខ្លាំងជាងមុននៃការកើតជំងឺ ។
ពួកគេនិយាយនៅក្នុងការសិក្សារួមថា ពិភពលោកនៅឆ្ងាយពីផ្លូវឈានដល់កម្រិតគោលដៅសម្រេចបានការគ្របដណ្តប់សកលនៃសេវាកម្មបែបនេះ នៅឆ្នាំ ២០៣០ ។ ពួកគេព្រមានថា តែផ្ទុយទៅវិញ គោលដៅនោះកាន់តែនៅឆ្ងាយ ។
លោក Ruediger Krech គឺជាប្រធានផ្នែកបរិស្ថានរបស់អង្គការ WHOនិយាយថា ទឹក និងអនាម័យ មិនមែនជាឯកសិទ្ធិនោះទេ វាគឺជាសិទ្ធិមនុស្សជាមូលដ្ឋាន ។ លោកថា ពួកយើងត្រូវតែពន្លឿនវិធានការ ជាពិសេសសម្រាប់តំបន់សហគមន៍ងាយរងគ្រោះខ្លាំងបំផុត ៕