នៅថ្ងៃអង្គារនេះ អេស្ប៉ាញ បានប្រកាសថា ទីក្រុងដែលរងផលប៉ះពាល់ដោយសារភ្លើងឆេះព្រៃ ១១៣កន្លែងក្នុងរដូវក្តៅនេះ គឺជាតំបន់អាសន្ន ។
រដ្ឋមន្រ្តីក្រសួងមហាផ្ទៃអេស្ប៉ាញលោក Fernando Grande-Marlaska និយាយថា តំបន់សរុប ១៦កន្លែងនៅអេស្ប៉ាញ ត្រូវបានបញ្ចូលជាតំបន់អាសន្ន ។
លោកបាននិយាយប្រាប់ក្រុមអ្នកសារព័ត៌មានក្រោយជំនួបគណៈរដ្ឋមន្រ្តីថា ច្បាស់ណាស់ថា ពួកយើងប្រឈមនឹងគ្រោះថ្នាក់មួយក្នុងចំណោមគ្រោះថ្នាក់បរិស្ថានមួយដ៏អាក្រក់បំផុត ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ ។
លោក Grande-Marlaska បានអះអាងផងដែរថា វាលឿនពេកហើយក្នុងការវាយតម្លៃផលប៉ះពាល់ពិតប្រាកដនៅតំបន់រងការឆាបឆេះដោយសារភ្លើងឆេះព្រៃ ។
គួរឲ្យដឹងថា ភាគច្រើននៃតំបន់ភាគខាងត្បូងអឺរ៉ុប បានជួបរដូវភ្លើងឆេះព្រៃដ៏អាក្រក់បំផុត ក្នុងរយៈពេល ២ទសវត្សរ៍កន្លងមកនេះ ។
តំបន់ប៉ាន់ប្រមាណរងការឆាបឆេះដោយសារភ្លើងឆេះព្រៃនៅអេស្ប៉ាញ មានរហូតដល់ ៤០ម៉ឺនហិចតា និងជាទំហំធំបំផុតជាប់កំណត់ត្រា ចាប់តាំងពីឆ្នាំ ២០០៦ ៕