យោងតាមអ្នកតាមដានគាំទ្រដោយអង្គការសហប្រជាជាតិ(UN)បានឲ្យដឹងថា គ្រោះទុរ្ភិក្សត្រូវបានប្រកាសនៅទីក្រុងហ្កាហ្សា និងតំបន់ជុំវិញ ក្នុងនោះជនប៉ាឡេស្ទីនជាងកន្លះលាននាក់ ប្រឈមនឹងស្ថានភាពដ៏គ្រោះថ្នាក់ខ្លាំង ។
ស្របពេលដែលអ៊ីស្រាអែលជំរុញផែនការរបស់ខ្លួនក្នុងការរឹបអូសទីក្រុងហ្កាហ្សា ជនប៉ាឡេស្ទីននៅក្នុងទីក្រុងមួយនេះប្រឈមនឹងស្ថានភាពមនុស្សធម៌ធ្ងន់ធ្ងរបំផុត ។
ក្រោយរយៈពេល ២ឆ្នាំនៃសង្រ្គាម ការជម្លៀសខ្លួនម្តងហើយម្តងទៀត និងការរឹតត្បិតធ្ងន់ធ្ងរលើការចែកចាយជំនួយមនុស្សធម៌ នាំឲ្យមានការប្រកាសគ្រោះទុរ្ភិក្សនៅទីក្រុងហ្កាហ្សា ក្នុងនោះស្ថានភាពគ្រោះថ្នាក់ដូចគ្នា ត្រូវបានគេព្យាករផងដែរថា នឹងកើតមាននៅក្នុងទីក្រុង Deir Al Balah និងទីក្រុង Khan Younis នារយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ ។
គួរឲ្យដឹងថា គ្រោះទុរ្ភិក្សកើតមាន នៅពេលដែលស្ថានភាពសំខាន់ ៣កម្រិត ត្រូវបានបំពាន រួមមាន កង្វះអាហារធ្ងន់ធ្ងរ កង្វះអាហារូបត្ថម្ភស្រួចស្រាវ និងការស្លាប់ទាក់ទងនឹងភាពអត់ឃ្លាន ។
មូលនិធិមនុស្សជាតិអង្គការសហប្រជាជាតិ(UNFPA) និយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា សម្រាប់ស្រ្តីជាម្តាយនៅតំបន់ហ្កាហ្សា ត្រូវបង្ខំចិត្តឆ្លងទន្លេទាំងកង្វះអាហារូបត្ថម្ភ និងអស់កម្លាំង ហើយស្ថិតក្នុងហានិភ័យខ្ពស់នៃការស្លាប់ ។ វាមានន័យផងដែរថា ទារកនឹងកើតមកមានទំហំតូច ខ្សោយខ្លាំង ឬពិបាករស់ ។
ជនប៉ាឡេស្ទីនបានស្លាប់រួចទៅហើយដោយសារកង្វះអាហារូបត្ថម្ភ ហើយនៅដំណាច់ខែកញ្ញាខាងមុខ ជនប៉ាឡេស្ទីនជាង ៦៤ម៉ឺននាក់ នឹងប្រឈមគ្រោះទុរ្ភិក្សនៅទូទាំងតំបន់ហ្កាហ្សាស្រ្ទីប ក្នុងនោះ មនុស្ស ១,១៤លាននាក់ទៀតដែលស្មើនឹងជាង ៥០ភាគរយនៃពលរដ្ឋសរុបក្នុងដែនដីមួយនេះ នឹងប្រឈមស្ថានភាពដូចគ្នា ៕