នៅថ្ងៃអង្គារ (ទី២៦ ខែសីហា) នេះ អ៊ីរ៉ង់បានប្តេជ្ញាចាត់វិធានការតបតវិញ បន្ទាប់ពីអូស្ត្រាលីបានបណ្តេញឯកអគ្គរដ្ឋទូតរបស់ខ្លួន ជុំវិញការចោទប្រកាន់ ដែលថា ទីក្រុងតេអេរ៉ង់នៅពីក្រោយការវាយប្រហារដោយដុតប្រឆាំងជនជាតិជ្វិហ្វ នៅទីក្រុងស៊ីដនី និងមែលប៊ន។
អំឡុងសន្និសីទសារព័ត៌មានប្រចាំសប្តាហ៍ អ្នកនាំពាក្យក្រសួងការបរទេសលោក Esmaeil Baqaei បានបញ្ជាក់ថា «ការចោទប្រកាន់ដែលត្រូវបានធ្វើឡើង ត្រូវបានច្រានចោលទាំងស្រុង» ដោយលោកបានបន្ថែមថា «រាល់សកម្មភាពមិនសមរម្យ និងអយុត្តិធម៌ ចំពោះកម្រិតការទូត នឹងមានប្រតិកម្មតបតវិញ»។
នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese បាននិយាយនៅព្រឹកថ្ងៃនេះថា អ៊ីរ៉ង់ជាអ្នកនៅពីក្រោយការដុតហាងកាហ្វេជនជាតិជ្វីហ្វ នៅជាយក្រុង Bondi នៃទីក្រុងស៊ីដនី ក្នុងខែតុលា ឆ្នាំ២០២៤ ហើយបានដឹកនាំការវាយប្រហារដោយដុតបំផ្លាញដ៏ធំមួយ លើវិហារជនជាតិជីហ្វ Adass Israel ក្នុងទីក្រុងមែលប៊ន ក្នុងខែធ្នូ ឆ្នាំដដែល។
មិនមានអ្នករងរបួសត្រូវបានរាយការណ៍ នៅក្នុងការវាយប្រហារទាំង ២លើកនោះឡើយ។ អូស្ត្រាលីបានប្រកាសថា ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ លោក Ahmad Sadeghi គឺជា «បុគ្គលមិនត្រូវបានស្វាគមន៍» ហើយបានបញ្ជាឲ្យលោក និងមន្ត្រី ៣រូបផ្សេងទៀតចាកចេញពីប្រទេសក្នុងរយៈពេល ៧ថ្ងៃ។
ជាមួយគ្នានេះ ទីក្រុងកង់បេរ៉ាក៏បានដកឯកអគ្គរដ្ឋទូតរបស់ខ្លួន ប្រចាំនៅអ៊ីរ៉ង់ និងបានផ្អាករាល់ប្រតិបត្តិការនៅស្ថានទូតរបស់ខ្លួន ក្នុងទីក្រុងតេអេរ៉ង់ដែលបានបើកក្នុងឆ្នាំ១៩៦៨។ លោក Baqaei បាននិយាយថា វិធានការនេះ ហាក់ដូចជាត្រូវបាន «ជះឥទ្ធិពលដោយព្រឹត្តិការណ៍ផ្ទៃក្នុង» នៅក្នុងប្រទេសអូស្ត្រាលី ក្នុងនោះរួមមានទាំងការតវ៉ានាពេលថ្មីៗនេះប្រឆាំងនឹងសង្រ្គាមរបស់អ៊ីស្រាអែល នៅតំបន់ហ្កាហ្សាផងដែរ៕