ប្រធានាធិបតីហ្វាំងឡង់ លោក Alexander Stubb នៅថ្ងៃអង្គារ (ទី ២៦ ខែសីហា) នេះ បានជំរុញឲ្យប្រធានាធិបតីអាមេរិក Donald Trump ចាត់វិធានការដែលនឹងបង្ខំឲ្យរុស្ស៊ីឆ្ពោះទៅកាន់តុចរចាជាមួយអ៊ុយក្រែនដោយនិយាយថា លោករំពឹងថា ការអត់ធ្មត់របស់លោក Trump ជាមួយទីក្រុងមូស្គូ នឹង «លែងមានតទៅទៀត»។
លោក Stubb ដែលដឹកនាំប្រទេសមានព្រំដែនយ៉ាងវែងជាមួយរុស្ស៊ី បានស្ថិតក្នុងចំណោមមេដឹកនាំអឺរ៉ុប ដែលបានចូលរួមក្នុងកិច្ចពិភាក្សា នាពេលថ្មីៗនេះ ជាមួយមេដឹកនាំសហរដ្ឋអាមេរិក ដែលព្យាយាមដោះស្រាយជម្លោះនេះ។
លោក Stubb បានប្រាប់អ្នកសារព័ត៌មានថា៖ «ខ្ញុំសង្ឃឹមថា ការអត់ធ្មត់របស់បណ្តាប្រទេសលោកខាងលិច ជាពិសេសសហរដ្ឋអាមេរិកនឹងលេងមានតទៅទៀត។ ពីព្រោះរាល់ពេលដែលលោកប្រធានាធិបតី Trump អស់ការអត់ធ្មត់ លោកបានចាត់វិធានការមួយចំនួនដែលបានជួយដល់ដំណោះស្រាយ»។
លោកបានលើកឡើងពីអត្រាពន្ធដែលសហរដ្ឋអាមេរិកបានប្រាប់ថា នឹងដាក់លើប្រទេសឥណ្ឌា ក្នុងសប្តាហ៍នេះ។ លោក Stubb បានបញ្ជាក់ថា៖ «ឧទាហរណ៍ថ្មីៗបំផុត គឺការយកពន្ធលើប្រទេសឥណ្ឌា ពីព្រោះឥណ្ឌាទិញប្រេង ឧស្ម័ន និងអាវុធពីរុស្ស៊ី។ ឥឡូវនេះ ប្រសិនបើលោកប្រធានាធិបតី Trump ធ្វើដូចគ្នា ចំពោះប្រទេសផ្សេងៗទៀត វាអាចនឹងនាំឲ្យមានការវិលត្រលប់ទៅកាន់តុចរចាវិញ»។
លោក Trump បានយកបញ្ហាសង្គ្រាម និងសន្តិភាពទៅភ្ជាប់ជាមួយពាណិជ្ជកម្ម ដោយគំរាមកំហែងថា នឹងដាក់ពន្ធ ៥០ភាគរយលើទីក្រុង New Delhi ជាការសងសឹក ចំពោះការបន្តការទិញប្រេងពីរុស្ស៊ី ដែលទីក្រុងវ៉ាស៊ីនតោន បានផ្ដល់ហេតុផលថា ជួយផ្តល់ហិរញ្ញប្បទានដល់សង្គ្រាមរបស់ទីក្រុងមូស្គូ នៅអ៊ុយក្រែន៕