នាយករដ្ឋមន្ត្រីដាណឺម៉ាក លោកស្រី Mette Frederiksen នៅថ្ងៃអង្គារ (ទី២៦ ខែសីហា) នេះ បានលើកឡើងថា ប្រទេសដាណឺម៉ាកមិនច្រានចោលនូវលទ្ធភាពនៃការទទួលស្គាល់រដ្ឋប៉ាឡេស្ទីននោះឡើយ ដរាបណាដែនដីនេះបំពេញតាមស្តង់ដារប្រជាធិបតេយ្យ។
លោកស្រី Frederiksen បានប្រាប់អ្នកសារព័ត៌មានថា៖ «យើងមិននិយាយថា មិនទទួលស្គាល់ប៉ាឡេស្ទីនជារដ្ឋមួយនោះឡើយ»។ លោកស្រីបានបន្ថែមថា៖ «យើងគាំទ្រវិធានការនោះ។ ពួកយើងគាំទ្របែបនោះជាយូរមកហើយ។ វាជាអ្វីដែលយើងចង់បាន។ ប៉ុន្តែជាការពិតណាស់ យើងត្រូវប្រាកដថា ដែនដីនេះនឹងក្លាយជារដ្ឋប្រជាធិបតេយ្យ»។
កាលពីថ្ងៃអាទិត្យ មនុស្សជាង ១០.០០០នាក់ បានដើរដង្ហែក្បួនតវ៉ាមួយ នៅកណ្តាលទីក្រុង Copenhagen អំពាវនាវឲ្យបញ្ចប់សង្រ្គាម នៅតំបន់ហ្កាហ្សា និងជំរុញឲ្យប្រទេសដាណឺម៉ាកទទួលស្គាល់ភាពជារដ្ឋរបស់ប៉ាឡេស្ទីន។
នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Jyllands-Posten របស់ដាណឺម៉ាក កាលពីថ្ងៃទី១៦ ខែសីហា លោកស្រី Frederiksen បានប្រាប់ថា លោកនាយករដ្ឋមន្ត្រី Benjamin Netanyahu គឺជា «អ្នកមានបញ្ហាដោយខ្លួនលោកផ្ទាល់« ហើយថា រដ្ឋាភិបាលអ៊ីស្រាអែលរបស់លោក «ទៅឆ្ងាយពេកហើយពីផែនការដើម»។
តែយ៉ាងណាក្ដី នៅថ្ថៃអង្គារនេះ លោកស្រីបានសង្កត់ធ្ងន់ថា ការទទួលស្គាល់រដ្ឋប៉ាឡេស្ទីន ត្រូវតែបម្រើឲ្យការមាន «ទិសដៅដ៏ត្រឹមត្រូវ»៕