ប្រេសិតពិសេសរបស់សហរដ្ឋអាមេរិក លោក Steve Witkoff បាននិយាយកាលពីថ្ងៃអង្គារ (២៦ សីហា) ថា លោកប្រធានាធិបតី Donald Trump នឹងធ្វើជាប្រធានកិច្ចប្រជុំស្តីពីតំបន់ហ្កាហ្សា នៅសេតវិមាន នាថ្ងៃពុធ ទី២៧ ខែសីហា នេះ ហើយបានបន្ថែមថា ទីក្រុងវ៉ាស៊ីនតោនរំពឹងថា សង្រ្គាមរបស់អ៊ីស្រាអែល នៅក្នុងទឹកដីប៉ាឡេស្ទីននេះ នឹងត្រូវដោះស្រាយបាននៅចុងឆ្នាំ។

លោក Trump ធ្លាប់សន្យាថានឹងបញ្ចប់សង្រ្គាមហ្កាហ្សា ឱ្យបានឆាប់រហ័ស ក្នុងអំឡុងពេលយុទ្ធនាការបោះឆ្នោតអាមេរិកឆ្នាំ២០២៤ ហើយនិងបន្ទាប់ពីចូលកាន់តំណែងក្នុងខែមករា ប៉ុន្តែជិតប្រាំពីរខែមកនេះនៅក្នុងអាណត្តិទីពីររបស់លោក គោលដៅដែលបានបញ្ជាក់នោះនៅតែមិនទាន់សម្រេច។
នៅពេលត្រូវសាកសួរនៅលើទូរទស្សន៍ Fox News ថាតើមានផែនការក្រោយសង្រ្គាមសម្រាប់តំបន់ហ្កាហ្សាឬទេ លោក Witkoff បាននិយាយថា "ពិតណាស់ មន្រ្តីអាមេរិកមានកិច្ចប្រជុំដ៏ធំមួយនៅសេតវិមាន នៅថ្ងៃពុធ ដែលដឹកនាំផ្ទាល់ដោយលោកប្រធានាធិបតី Trump ហើយនោះជាផែនការដ៏ទូលំទូលាយមួយ ដែលអាមេរិកកំពុងរៀចំនៅថ្ងៃបន្ទាប់"។
នៅពេលត្រូវសាកសួរទៀតថា "តើអ៊ីស្រាអែលគួរតែធ្វើអ្វីផ្សេងទៀតដើម្បីបញ្ចប់សង្រ្គាម និងនាំយកចំណាប់ថ្នូរមកវិញឬទេ" លោក Witkoff បានឆ្លើយថា "អាមេរិកអាចនឹងដោះស្រាយរឿងនេះតាមមធ្យោបាយណាមួយឱ្យបាន ប្រាកដណាស់នៅមុនដំណាច់ឆ្នាំនេះ"។ ប្រេសិតរូបនេះសង្កត់ធ្ងន់ថា អ៊ីស្រាអែលបើកទូលាយក្នុងការបន្តការពិភាក្សាជាមួយក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស ចំណែកក្រុមហាម៉ាស ក៏បានផ្តល់សញ្ញាថាពួកគេបើកចំហសម្រាប់ដំណោះស្រាយមួយផងដែរ៕

