ក្រុមអ្នកតាមដានសង្រ្គាមនៃប្រភពបើកចំហរបស់អ៊ុយក្រែន បានបញ្ជាក់កាលពីថ្ងៃអង្គារ (២៦ សីហា) ថា រុស្ស៊ី បានវាយដណ្តើមយកភូមិចំនួនពីរថ្មីទៀតក្នុងតំបន់ Dnipropetrovsk ភាគអាគ្នេយ៍អ៊ុយក្រែន ខណៈកងទ័ពរបស់វិមានក្រឹមឡាំង បានបន្តវាយរុលទៅមុខ ស្របពេលកិច្ចខិតខំប្រឹងប្រែងការទូតដើម្បីបញ្ចប់សង្គ្រាមហាក់ជាប់គាំង។

យោធារបស់អ៊ុយក្រែន ដែលមានកម្លាំងមនុស្សតិច និងសព្វាវុធមិនគ្រប់គ្រាន់ បានតស៊ូយ៉ាងលំបាកក្នុងការទប់ទល់នឹងការវាយប្រហាររបស់រុស្ស៊ី នៅតំបន់ខាងកើតភាគច្រើន ខណៈក្រុងមូស្គូ បង្កើនសម្ពាធលើទីក្រុងគីវ ឱ្យបោះបង់ទឹកដីក្នុងការចរចាសន្តិភាពណាមួយ។

យោងតាម DeepState ដែលជាក្រុមតាមដានការវិវត្តសមរភូមិ បានឱ្យដឹងថា កងកម្លាំងរុស្ស៊ី ឥឡូវនេះកាន់កាប់ភូមិ Zaporizke និង Novoheorhiivka របស់តំបន់អ៊ុយក្រែននោះហើយ។ ចំណែកក្រសួងការពារជាតិរុស្ស៊ីវិញក៏ធ្លាប់រាយការណ៍ថា កងកម្លាំងខ្លួនបានវាយយកភូមិទាំងពីរនោះដែរ ប៉ុន្តែយោធាអ៊ុយក្រែន កាលពីថ្ងៃអង្គារ បានច្រានចោលរបាយការណ៍ដែលថាទាហានរុស្ស៊ីកាន់កាប់ភូមិ ថាជារឿងមិនពិតនោះឡើយ។
កងកម្លាំងរុស្ស៊ី អះអាងកាលពីខែកក្កដាថា ពួកគេដណ្តើមបានភូមិដំបូងក្នុងប្រតិបត្តិការនៅតំបន់ Dnipropetrovsk ដោយតំបន់ថ្មីនេះមិនស្ថិតក្នុងចំណោមតំបន់ទាំង៥ របស់អ៊ុយក្រែន ដែលរុស្ស៊ី អះអាងថាជាទឹកដីរបស់ខ្លួនទេ។ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy កាលពីខែមុន បានច្រានចោលនូវការអះអាងរបស់រុស្ស៊ី ដែលថាខ្លួនបានចូលក្នុងតំបន់នេះ ដោយហៅការអះអាងនោះថាមានបំណងសម្រេចបាននូវ "ជ័យជម្នះខាងប្រព័ន្ធផ្សព្វផ្សាយ"៕