កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានអះអាងកាលពីថ្ងៃអង្គារសប្ដាហ៍នេះថា ការវាយប្រហារ ពីរលើកលើមន្ទីរពេទ្យ Nasser ក្នុងតំបន់ហ្កាហ្សា ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ២០ នាក់ គឺសំដៅទៅលើអ្វីដែលខ្លួនជឿថាជាកាមេរ៉ាដែលដាក់ដោយក្រុមហាម៉ាស។

ពលរដ្ឋអ៊ីស្រាអែលរាប់សែននាក់ ក្នុងការគាំទ្រដល់គ្រួសារចំណាប់ខ្មាំងនៅជាប់ឃុំក្នុងដែនដីហ្កាហ្សា បានប្រមូផ្ដុំគ្នាក្នុងទីក្រុង Tel Aviv នៅខាងក្រៅទីស្នាក់ការកណ្ដាលក្រសួងការពារជាតិអ៊ីស្រាអែលកាលពីយប់ថ្ងៃអង្គារ ២៦សីហា អំពាវនាវឲ្យនាយករដ្ឋមន្ត្រី Benjamin Netanyahu ឈានដល់បទឈប់បាញ់ជាមួយក្រុមហាម៉ាស បញ្ចប់សង្គ្រាមនិងដោះលែងអ្នកជាប់ឃុំ។
កងកម្លាំងខាងលើបាននិយាយថាការស៊ើបអង្កេតដំបូងបានរកឃើញថាទាហានមកពីកងពលតូច Golani ដែលកំពុងប្រតិបត្តិការនៅតំបន់ Khan Younis បានរកឃើញកាមេរ៉ាមួយ ដាក់ដោយក្រុមហាម៉ាសនៅក្នុងតំបន់នៃមន្ទីរពេទ្យ Nasser ដែលត្រូវបានប្រើដើម្បីសង្កេតមើលសកម្មភាពរបស់កងទ័ព IDF ក្នុងការដឹកនាំសកម្មភាពភេរវករប្រឆាំងនឹងកងកម្លាំងការពារអ៊ីស្រាអែល ។
កងកម្លាំងការពារអ៊ីស្រាអែល ពុំបានផ្តល់ភស្តុតាងដើម្បីគាំទ្រការអះអាងនេះ ដែលត្រូវបានជំទាស់ដោយក្រុមហាម៉ាសនោះទេ។ លោក Bassem Naim សមាជិកការិយាល័យនយោបាយរបស់ក្រុមហាម៉ាស បដិសេធការចោទប្រកាន់នេះ ដោយបានប្រាប់សារព័ត៌មាន The Associated Press ថា ប្រសិនបើការអះអាងនេះជាការពិត មានមធ្យោបាយជាច្រើនក្នុងការបំផ្លាញកាមេរ៉ានេះ ដោយមិនចាំបាច់កំណត់គោលដៅលើទីតាំងថែទាំសុខភាពដោយគ្រាប់កាំភ្លើងធំនោះទេ។
ការវាយប្រហារម្ដងហើយម្ដងទៀតរបស់អ៊ីស្រាអែលទៅលើមន្ទីរពេទ្យកាលពីថ្ងៃចន្ទ បានសម្លាប់បុគ្គលិកសុខាភិបាល អ្នកកាសែត និងអ្នកសង្គ្រោះបន្ទាន់ដំបូង ហើយបានជំរុញឱ្យមានការថ្កោលទោសជាអន្តរជាតិពីក្រុមសារព័ត៌មាន អង្គការវេជ្ជសាស្ត្រ និងរដ្ឋាភិបាលជាតិ៕

