អង្គការសហប្រជាជាតិ បានអំពាវនាវជាថ្មីម្ដងទៀតឱ្យមានការស៊ើបអង្កេតផ្លូវការពីសំណាក់អ៊ីស្រាអែល លើការកាប់សម្លាប់ដោយខុសច្បាប់នៅតំបន់ហ្កាហ្សា រួមទាំងការទម្លាក់គ្រាប់បែក "រលកទីពីរ" លើមន្ទីរពេទ្យ Nasser ដែលសម្លាប់មនុស្សយ៉ាងតិច ២០នាក់ រួមទាំងអ្នកកាសែត ៥នាក់ផងដែរ ដោយទាមទារឱ្យផ្តល់លទ្ធផលដ៏យុត្តិធម៌ និងធានារកអ្នកទទួលខុសត្រូវ។

លោក Thameen Al-Kheetan អ្នកនាំពាក្យការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃអង្គារ (២៦ សីហា) ក្នុងទីក្រុងហ្សឺណែវថា "ចាំបាច់ត្រូវតែមានយុត្តិធម៌” ដោយបន្ថែមថា ចំនួនអ្នកកាសែតជាង ២៤០នាក់ដែលត្រូវសម្លាប់នៅហ្កាហ្សា មិនអាចទទួលយកបានទេ ហើយចោទជាសំណួរជាច្រើនពីការកំណត់គោលដៅលើបុគ្គលិកប្រព័ន្ធផ្សព្វផ្សាយ។

កាលពីថ្ងៃចន្ទសប្ដាហ៍នេះ អ៊ីស្រាអែល វាយប្រហារពីរលើកលើមន្ទីរពេទ្យ Nasser ដែលជាមណ្ឌលសុខភាពនៅដំណើរការចុងក្រោយក្នុងភាគខាងត្បូងហ្កាហ្សា។ សាក្សីផ្ទាល់ភ្នែកនិយាយថា ការវាយប្រហាររលកទីពីរ កើតឡើងត្រឹមតែ ១៥នាទីប៉ុណ្ណោះក្រោយរលកទីមួយ ពោលគឺភ្លាមៗនៅពេលក្រុមសង្គ្រោះ និងអ្នកកាសែតទៅដល់ទីតាំងកើតហេតុដើម្បីជម្លៀសអ្នករបួស ដោយសម្លាប់ក្រុមឆ្លើយតបដំបូង និងបុគ្គលិកប្រព័ន្ធផ្សព្វផ្សាយ។

នៅថ្ងៃអង្គារ យោធាអ៊ីស្រាអែលចេញរបាយការណ៍មួយដែលខ្លួននិយាយថាជាលទ្ធផលបឋមពីការស៊ើបអង្កេតលើឧប្បត្តិហេតុនេះ ដោយអះអាងថា ទាហានខ្លួនដាក់គោលដៅដើម្បីកម្ទេចកាមេរ៉ាមួយគ្រឿង ក្នុងមន្ទីរពេទ្យ Nasser ដែលប្រើដោយក្រុមហាម៉ាស ដើម្បីឃ្លាំមើលសកម្មភាពយោធាអ៊ីស្រាអែល។ អ្នកនាំពាក្យអង្គការសហប្រជាជាតិជំរុញអ៊ីស្រាអែលឱ្យធានាលទ្ធផលនៃការស៊ើបអង្កេតដើម្បីនាំទៅដល់អ្នកទទួលខុសត្រូវច្បាស់លាស់៕