រដ្ឋមន្ត្រីការពារជាតិប្រទេសកូឡុំប៊ី លោក Pedro Sanchez និយាយថា យ៉ាងហោចណាស់ទាហានរដ្ឋាភិបាលចំនួន៣៤នាក់ត្រូវបានចាប់ពង្រត់ដោយជនស៊ីវិលប្រដាប់អាវុធនៅក្នុងព្រៃមួយកន្លែងនៅភាគអាគ្នេយ៍ប្រទេសកូឡុំប៊ី ក្រោយពីមានការប៉ះទង្គិចគ្នាដែលបានសម្លាប់អ្នកប្រយុទ្ធ១១នាក់ រួមមានទាំងមេបញ្ជាការក្រុមប្រឆាំងនៃអតីតក្រុមឧទ្ទាម ហ្វាក(FARC) ផងដែរ។

ការប្រយុទ្ធគ្នាបានកើតឡើងនៅតំបន់ជនបទនៃក្រុង El Retorno ខេត្ត Guaviare ហើយបានចូលរួមពីសមាជិកនៃនាយសេនាធិការកណ្តាល (EMC) ជាក្រុមអតីតអ្នកប្រយុទ្ធជាមួយក្រុមឧទ្ទាមឆ្វេងនិយម ហ្វាក(FARC) ឬកងកម្លាំងប្រដាប់អាវុធបដិវត្តន៍ប្រទេសកូឡុំប៊ី ដែលបានច្រានចោលកិច្ចព្រមព្រៀងសន្តិភាពឆ្នាំ២០១៦ជាមួយរដ្ឋាភិបាល។
ក្រុមប្រដាប់អាវុធ ដែលរកមូលនិធិដោយខ្លួនឯងតាមរយៈការជួញដូរគ្រឿងញៀន ការជីកយករ៉ែខុសច្បាប់ និងតាមរយៈឧក្រិដ្ឋកម្មផ្សេងៗទៀត នៅតែមានវត្តមាននៅក្នុងប្រទេសកូឡុំប៊ី បន្ទាប់ពីជម្លោះរយៈពេល៦ទសវត្សរ៍ ដែលបានសម្លាប់មនុស្សជាង៤៥០.០០០នាក់ ទោះបីជាមានកិច្ចព្រមព្រៀងសន្តិភាពជាមួយក្រុមឧទ្ទាមFARC កាលពីប្រាំបួនឆ្នាំកន្លងទៅនេះ ដែលនៅពេលនោះក្រុមនេះជាក្រុមឧទ្ទាមធំបំផុតរបស់ប្រទេសកូឡុំប៊ី។
