មន្ត្រីក្រសួងការបរទេសបាននិយាយកាលពីថ្ងៃអង្គារ ទី២៦ ខែសីហាថា ប្រទេសអាល្លឺម៉ង់មានផែនការដកចេញបម្រាមរយៈពេលជាច្រើនខែរបស់ខ្លួនលើការធ្វើដំណើរចូលរបស់ពលរដ្ឋអាហ្វហ្គានីស្ថានងាយរងគ្រោះដែលខ្លួនបានសន្យាថានឹងទទួលយក បន្ទាប់ពីសម្ពាធផ្លូវច្បាប់កើនឡើងនៅក្នុងស្រុក និងការជំរុញការនិរទេសធ្វើឡើងដោយប្រទេសប៉ាគីស្ថាន។

ពលរដ្ឋអាហ្វហ្គានីស្ថានប្រហែល២.០០០នាក់បានយល់ព្រមផ្លាស់ទីលំនៅទៅកាន់ប្រទេសអាល្លឺម៉ង់ក្រោមកម្មវិធីសម្រាប់អ្នកទាំងឡាយណាដែលត្រូវបានគេចាត់ទុកថាមានហានិភ័យក្រោមការគ្រប់គ្រងរបស់ក្រុមតាលីបង់នៅអាហ្វហ្គានីស្ថាន ជាអ្នកដែលបានជាប់គាំងខ្លួននៅក្នុងប្រទេសប៉ាគីស្ថានរយៈពេលជាច្រើនខែ បន្ទាប់ពីទីក្រុងប៊ែរឡាំង បានបង្កកគម្រោងក្នុងពេលមានការសន្យាទប់ស្កាត់ការធ្វើអន្តោប្រវេសន៍។
ការសម្រេចនេះ ធ្វើឡើងបន្ទាប់ពីមានបណ្តឹងជាច្រើនក្រុម និងជនរងគ្រោះអាហ្វហ្គានីស្ថានរាប់សិបនាក់ដែលប្រឈមនឹងការបង្កកគម្រោងអនុញ្ញាតឲ្យចូល។ លោកស្រី Eva Beyer មន្ត្រីផ្នែកផ្សព្វផ្សាយ និងតស៊ូមតិរបស់អង្គការជំនួយមួយ បាននិយាយថា ក្រុមគ្រួសារដែលមានសេចក្តីសម្រេចពីតុលាការនឹងធ្វើដំណើរដោយយន្តហោះចេញពីប្រទេសប៉ាគីស្ថានក្នុងពេលឆាប់ៗនេះ ប៉ុន្តែព័ត៌មានលម្អិតពុំទាន់ត្រូវបានបង្ហាញឱ្យដឹងនៅឡើយ។

