ភ្លៀងធ្លាក់យ៉ាងខ្លាំងក្លាបានបណ្តាលឱ្យមានទឹកជំនន់ និងបំណាក់ដីនៅថ្ងៃពុធ (២៧ សីហា) នេះ នៅតំបន់មួយចំនួននៃអាស៊ីអាគ្នេយ៍ ដែលយ៉ាងហោចណាស់មនុស្ស ៨នាក់ ត្រូវបានរាយការណ៍ថាស្លាប់ទាំងនៅប្រទេសថៃ និងវៀតណាម បន្ទាប់ពីព្យុះត្រូពិកដ៏ខ្លាំងក្លាមួយ។

នៅប្រទេសថៃ មនុស្សម្នាក់បានស្លាប់ និងម្នាក់ទៀតបាត់ខ្លួនដោយសារបំណាក់ដីនៅថ្ងៃពុធនេះ ក្នុងផ្នែកមួយនៃទីក្រុងឈៀងម៉ៃ ភាគខាងជើង។ ស្ថាប័នបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយរបស់ថៃ បាននិយាយថា លំនៅឋានជាច្រើនខ្នងរងផលប៉ះពាល់យ៉ាងគំហុក និងបំណាក់ដីនៅខេត្តភាគខាងជើង។
ក្រសួងឧតុនិយមថៃ បានព្រមានពីភ្លៀងធ្លាក់កាន់តែខ្លាំងក្លាថែមទៀតនៅតំបន់ភាគខាងជើង និងភាគឦសាននៅក្នុងថ្ងៃពុធនេះ ហើយអ្នកស្រុកនៅតាមតំបន់វាលទំនាប និងតំបន់ទំនាបក្បែរផ្លូវទឹក ត្រូវបានព្រមានពីហានិភ័យដ៏ធ្ងន់ធ្ងរពីគ្រោះទឹកជំនន់ និងបំណាក់ដីដ៏មហន្តរាយ។
នៅវៀតណាមវិញ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរាយការណ៍ថា ទឹកជំនន់បានកើតឡើងក្នុងខេត្តភាគខាងជើង និងកណ្តាលមួយចំនួននៃប្រទេស ដោយមនុស្ស ៧នាក់បានស្លាប់ ម្នាក់កំពុងបាត់ខ្លួន និង ៣៤នាក់បានរងរបួស។ ភ្លៀងធ្លាក់ជិត ២០សង់ទីម៉ែត្រ កើតឡើងពេញមួយយប់នៅតំបន់ភាគឦសាននៃប្រទេសវៀតណាម ហើយការព្រមានពីទឹកជំនន់នៅតែមានសម្រាប់តំបន់មាត់ទន្លេមួយចំនួន៕


