តម្លៃប្រេងស្ថិតក្នុងដំណាក់កាលស្ថិរភាពនៅថ្ងៃពុធ (២៧ សីហា) នេះ បន្ទាប់ពីបានធ្លាក់ចុះបន្តិចនៅក្នុងវគ្គជួញដូរមុន ខណៈទីផ្សារសកលបន្តឃ្លាំមើលយ៉ាងដិតដល់នូវការវិវត្តថ្មីៗនៅក្នុងសង្គ្រាមអ៊ុយក្រែន ហើយវិនិយោគិនកំពុងថ្លឹងថ្លែងពន្ធថ្មីដែលបានចូលជាធរមាន របស់សហរដ្ឋអាមេរិក ទៅលើឥណ្ឌា ដែលជាអ្នកប្រើប្រាស់ប្រេងឆៅធំបំផុតទីបីរបស់ពិភពលោក។

ភាគហ៊ុនប្រេងឆៅរបស់ Brent បានកើនឡើង ១សេនដល់តម្លៃ ៦៧,៣២ដុល្លារក្នុងមួយបារ៉ែល គិតត្រឹមម៉ោងសកល ០៣:៥៤នាទី នៅថ្ងៃពុធនេះ ខណៈហ៊ុនប្រេងឆៅរបស់អាមេរិក WTI បានកើនឡើង ៨សេននៅតម្លៃ ៦៣,៣៣ដុល្លារ។
ការប្រុងប្រយ័ត្នរបស់ទីផ្សារនេះ កើតមានស្របពេលប្រេសិតពិសេសរបស់សហរដ្ឋអាមេរិក គ្រោងជួបតំណាងអ៊ុយក្រែន នៅទីក្រុងញូវយ៉ក នាសប្តាហ៍នេះ ហើយទីក្រុងវ៉ាស៊ីនតោនក៏កំពុងពិភាក្សាជាមួយរុស្ស៊ីផងដែរ លើកិច្ចការបញ្ចប់សង្គ្រាម។
លើសពីនេះទៀត ពន្ធបន្ថែម ២៥% របស់អាមេរិក លើទំនិញឥណ្ឌា បានចូលជាធរមាននៅម៉ោងក្នុងស្រុក ១២:០១នាទីរំលងអាធ្រាត្រឈានចូលនៅថ្ងៃពុធនេះ ដោយនាំឱ្យអត្រាពន្ធសរុបឡើងដល់ ៥០% និងស្ថិតក្នុងចំណោមពន្ធខ្ពស់បំផុតរបស់ទីក្រុងវ៉ាស៊ីនតោន ដែលបណ្ដាលឱ្យពាណិជ្ជករមិនទាន់អាចសម្រេចចិត្តលើទិសដៅទីផ្សារ៕

