ប្រជាជនអាមេរិក កាន់តែមានទុទិដ្ឋិនិយមចំពោះស្ថានភាពសេដ្ឋកិច្ចរបស់ប្រទេស បន្ទាប់ពីរបាយការណ៍ការងារទន់ខ្សោយ បង្ហាញពីការថយកម្លាំងក្នុងទីផ្សារការងារ។ ក្រុមប្រឹក្សាសន្និសីទ ដែលជាដៃគូរបស់ក្រសួងពាណិជ្ជកម្មអាមេរិក បាននិយាយនៅថ្ងៃអង្គារ (២៦ សីហា) ថា សន្ទស្សន៍ទំនុកចិត្តអ្នកប្រើប្រាស់កំពុងតែរង្គោះរង្គើ ដោយធ្លាក់ចុះ ១,៣% ដល់តួលេខ ៩៧,៤ ក្នុងខែសីហានេះ ពីកំណើន ៩៨,៧ នៅក្នុងខែកក្កដា។

លោកស្រី Stephanie Guichard សេដ្ឋវិទូជាន់ខ្ពស់នៃសូចនាករសកលនៅក្រុមប្រឹក្សាសន្និសីទ បាននិយាយថា "គួរអោយកត់សម្គាល់ ការវាយតម្លៃអ្នកប្រើប្រាស់លើភាពអាចរកបាននៃការងារបច្ចុប្បន្ននៅអាមេរិក បានធ្លាក់ចុះក្នុងពេល ៨ខែជាប់គ្នា"។
អ្នកប្រើប្រាស់ទាំងនោះភាគច្រើនព្រួយបារម្ភអំពីប្រាក់ចំណូលរបស់ពួកគេ ហើយវិធានការដែលបង្ហាញពីការរំពឹងទុករយៈពេលខ្លីនៃលក្ខខណ្ឌអាជីវកម្មក៏បានធ្លាក់ចុះ ១,២ ពិន្ទុទៅតួលេខ ៧៤,៨។ គួរឱ្យដឹងថា តួលេខសម្គាល់ដែលជាធម្មតាបង្ហាញពីការធ្លាក់ចុះជិតមកដល់នៃសេដ្ឋកិច្ចគឺ ៨០ពិន្ទុ ។

ខណៈដែលភាពអត់ការងារធ្វើ និងការបញ្ឈប់ការងារនៅតែមានកម្រិតទាបជាប្រវត្តិសាស្ត្រ មានការថមថយគួរឱ្យកត់សម្គាល់នៅក្នុងទីផ្សារការងារនៅឆ្នាំនេះ ជាមួយនឹងភស្តុតាងកាន់តែច្រើនដែលបង្ហាញថា មនុស្សមានការពិបាកក្នុងការស្វែងរកការងារធ្វើនៅអាមេរិក។ ទិន្នន័យពីការិយាល័យស្ថិតិការងារបង្ហាញថា និយោជកអាមេរិកបានបន្ថែមការងារចំនួន ៧៣.០០០មុខតំណែង នៅក្នុងខែកក្កដា ពោលគឺតិចជាងការរំពឹងទុករបស់អ្នកវិភាគនៃចំនួន ១១៥.០០០នាក់៕