ការស្ទង់មតិលើសេដ្ឋវិទូរបស់សារព័ត៌មានរ៉យទ័របានបង្ហាញនៅថ្ងៃពុធ (២៧ សីហា) នេះថា កំណើននៃការនាំចេញរបស់កូរ៉េខាងត្បូង ទំនងជាយឺតយ៉ាវនៅក្នុងខែសីហានេះ ដោយសារតែបន្ទុកពន្ធខ្ពស់របស់សហរដ្ឋអាមេរិក នៃអត្រា ១៥% ថ្មីលើទំនិញកូរ៉េខាងត្បូង បន្ទាប់ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយរដ្ឋបាលលោកប្រធានាធិបតី Donald Trump។
ការនាំចេញពីប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទីបួនរបស់អាស៊ីមួយនេះ ត្រូវបានព្យាករថានឹងកើនឡើង ៣,០% ធៀបនឹងឆ្នាំមុន ដែលជាតួលេខថយចុះពីកំណើន ៥,៨% នៅក្នុងខែកក្កដា នេះបើយោងតាមការប៉ាន់ស្មានជាមធ្យមពីការស្ទង់មតិរបស់សេដ្ឋវិទូ។ ប្រសិនបើតួលេខនេះត្រឹមត្រូវ នោះនឹងជាខែទី៣ ជាប់ៗគ្នាហើយនៃកំណើនយឺតយ៉ាវបែបនេះធៀបនឹងឆ្នាំមុន ដែលជំរុញដោយតម្រូវការដ៏ខ្លាំងសម្រាប់បន្ទះឈីបពាក់កណ្ដាលចម្លង ប៉ុន្តែនៅតែជាភាគរយដ៏ទន់ខ្សោយបំផុត។
កាលពីចុងខែកក្កដា ទីក្រុងសេអ៊ូល បានឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយលោកប្រធានាធិបតី Donald Trump ដែលបានកំណត់ពន្ធរបស់សហរដ្ឋអាមេរិក លើការនាំចូលពីសម្ព័ន្ធមិត្តអាស៊ីមួយនេះនៅអត្រា ១៥% ទាបជាងការគំរាមកំហែង ២៥% ពីមុន ប៉ុន្តែក៏នៅតែខ្ពស់ជាងកម្រិតពន្ធមូលដ្ឋាន ១០% របស់ទីក្រុងវ៉ាស៊ីនតោនដដែល៕

