បាល់ទាត់៖ ក្រុមការពារតំណែងជើងឯកបាល់ទាត់ទ្វីបអាហ្វ្រិក Africa Cup of Nations អាល់ហ្សេរីបានធ្លាក់ចេញពីការប្រកួតត្រឹមវគ្គវិលជុំក្នុងពូល បន្ទាប់ពីបរាជ័យប្រកួតចុងក្រោយក្រោមថ្វីជើងកូឌីវ័រ ៣-១។ អាល់ហ្សេរីត្រូវការឈ្នះដាច់ខាតដើម្បីឡើងវគ្គបន្ត តែចាប់ផ្តើមមកកូឌីវ័របាននាំមុខមុនពីរគ្រាប់ដោយ Franke Kessie និង Ibrahim Sangare។

ឈានចូលវគ្គទី២ កូឌីវ័របន្ថែមមួយគ្រាប់ទៀតដោយ Nicolas Pepe ខណៈអាល់ហ្សេរីតាមពីក្រោយបានមួយគ្រាប់វិញដោយ Sofiane Bendebka។ បរាជ័យនេះមានន័យថា អាល់ហ្សេរីបានក្លាយជាក្រុមទី៣ ក្នុងប្រវត្តិសាស្ត្របាល់ទាត់ទ្វីបអាហ្វ្រិកដែលក្រុមការពារជើងឯកធ្លាក់ត្រឹមវគ្គវិលជុំក្នុងពូល។ ជ័យជំនះនេះធ្វើឱ្យកូឌីវ័រឈរលេខ ១ ក្នុងពូល E មាន ៧ពិន្ទុឡើងជួបជាមួយក្រុមលេខ ២ ក្នុងពូល D អេហ្ស៊ីបនៅវគ្គ ១៦ក្រុមចុងក្រោយ។ លេខ ២ ក្នុងពូលនេះបានទៅអេក្វាទ័រហ្គីណេដែលបានយកឈ្នះសារ៉ាឡេអុង ១-០។

ងាកមកការប្រកួតក្នុងពូល F ម៉ាលីជាប្រធានពូលក្រោយយកឈ្នះម៉ាវរីតានី ២-០ ដោយគ្រាប់បាល់របស់ខ្សែការពារ Newcastle, Massadio Haidara និងបាល់ពិន័យ ១១ម៉ែត្ររបស់ Ibrahim Kone។ ម៉ាលីបញ្ចប់ការប្រកួតក្នុងពូល F មាន ៧ពិន្ទុឈរលើគេឡើងវគ្គ ១៦ក្រុមចុងក្រោយជួបជាមួយក្រុមលេខ ២ ក្នុងពូល D អេក្វាទ័រហ្គីណេ។ រីឯហ្កាំប៊ីក៏បានបន្តដំណើរទៅវគ្គ ១៦ក្រុមដែរក្រោយយកឈ្នះទុយនេស៊ី ១-០ ដោយគ្រាប់បាល់របស់ Mussa Jarrow នៅនាទីទី៩០+៣ ទៅហើយ។ ហ្កាំប៊ីជាក្រុមលេខ ២ ក្នុងពូល D មាន ៧ពិន្ទុឡើងវគ្គ ១៦ក្រុមជួបជាមួយក្រុមលេខ ២ ក្នុងពូល B ហ្គីណេ៕
អត្ថបទ៖នាង សុភាវុធ