អឺរ៉ុប៖ អាល្លឺម៉ង់កំពុងស្ថិតនៅក្រោមសម្ពាធកាន់តែខ្លាំងឡើងពីសម្ព័ន្ធមិត្តអឺរ៉ុប ចំពោះការបដិសេធយូរមកហើយរបស់ខ្លួនក្នុងការផ្គត់ផ្គង់អាវុធដល់អ៊ុយក្រែន ដើម្បីជួយប្រទេសនេះការពារខ្លួនពីការវាយប្រហាររបស់រុស្ស៊ី។ អង់គ្លេសកាលពីថ្ងៃចន្ទបានដឹកជញ្ជូនមីស៊ីលប្រឆាំងរថក្រោះរយៈចម្ងាយខ្លី ទៅឱ្យអ៊ុយក្រែនដោយហោះហើរវាងដែនអាកាសប្រទេសអាល្លឺម៉ង់។

រដ្ឋមន្ត្រីក្រសួងការពារជាតិអង់គ្លេស Ben Wallace បានផ្តល់សញ្ញាដល់សមាជិកសភាថា ជំនួយផ្នែកយោធា និងជំនួយសន្តិសុខបន្ថែមទំនងជាកើតឡើងដោយសារ "អាកប្បកិរិយាដ៏គ្រោះថ្នាក់កាន់តែខ្លាំង" របស់រុស្ស៊ីនៅតាមព្រំដែនរបស់ប្រទេសអ៊ុយក្រែន ជាទីដែលវិមានក្រឹមឡាំងបានប្រមូលផ្តុំកងទ័ពជាង ១០ម៉ឺននាក់។ លោក Wallace បាននិយាយថា មាន "ហេតុផលត្រឹមត្រូវ និងពិតប្រាកដសម្រាប់ការព្រួយបារម្ភ" ដែលរុស្ស៊ីកំពុងរៀបចំផែនការឈ្លានពាន។ មន្ត្រីរុស្ស៊ីបានបដិសេធថា ពួកគេមិនមានផែនការបែបនេះទេ ប៉ុន្តែរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken បានព្រមានកាលពីថ្ងៃពុធមុនជួបពិភាក្សាជាមួយប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky ថា "អារម្មណ៍នៃការគំរាមកំហែងដល់អ៊ុយក្រែនគឺមិនធ្លាប់មានពីមុនមក"។
អ៊ុយក្រែនកាន់តែតានតឹងជាមួយអាល្លឺម៉ង់ចំពោះបញ្ហាការផ្គត់ផ្គង់ខាងយោធា។ រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែនលោក Oleksiy Reznikov បានត្អូញត្អែរកាលពីខែមុនថា ទីក្រុងប៊ែរឡាំងបានបោះឆ្នោតវេតូការទិញអាវុធប្រឆាំងយានដ្រូន និងប្រព័ន្ធប្រឆាំងការលបបាញ់ប្រហារ sniper ពីទីភ្នាក់ងារគាំទ្រ និងលទ្ធកម្មរបស់អង្គការណាតូ ដោយហៅសកម្មភាពនេះថា "អយុត្តិធម៌បំផុត"៕
អត្ថបទ៖ សុខមាន