ការវាយប្រហាររបស់អ៊ីស្រាអែលដែលបានសម្លាប់អ្នកសារព័ត៌មាន ៥នាក់ នៅមន្ទីរពេទ្យ ក្នុងតំបន់ហ្កាហ្សាស្ទ្រីប កាលពីថ្ងៃទី២៥ ខែសីហា គឺជាព្រឹត្តិការណ៍ចុងក្រោយបង្អស់ ជាអ្វីដែលត្រូវបានចាត់ទុកថា ជម្លោះបង្កគ្រោះថ្នាក់ដល់ជីវិត សម្រាប់អ្នកសារព័ត៌មានប៉ាឡេស្ទីន ដែលតែងតែធ្វើជាសាក្សីផ្ទាល់របស់ពិភពលោក ចំពោះយុទ្ធនាការរបស់អ៊ីស្រាអែល។
លោក Gevara al-Safadi អ្នកថតរូបដែលធ្វើការជាមួយប្រព័ន្ធផ្សព្វផ្សាយប៉ាឡេស្ទីន Al-Kofiya បាននិយាយថា៖ «វាបានឈានដល់ចំណុចដែលខ្ញុំមិនហ៊ានទៅធ្វើសេចក្ដីរាយការណ៍»។ ការភ័យខ្លាចបែបនេះ និងហានិភ័យបង្កគ្រោះថ្នាក់ដល់ជីវិតពេលធ្វើសេចក្ដីរាយការណ៍ នៅតំបន់ហ្កាហ្សា អាចរារាំងបន្ថែមទៀតដល់ការចេញព័ត៌មានអំពីសង្រ្គាមនេះ។

គួរបញ្ជាក់ថា អ៊ីស្រាអែល បានហាមប្រាមអ្នកសារព័ត៌មានអន្តរជាតិមិនឲ្យចូលទៅកាន់តំបន់ហ្កាហ្សាដោយសេរី ដើម្បីរាយការណ៍ពីសង្គ្រាមឡើយ ហើយបានសម្លាប់អ្នកសារព័ត៌មានប៉ាឡេស្ទីនមួយចំនួន ដែលខ្លួនអះអាងថា ជាសមាជិករបស់ក្រុមហាម៉ាស ឬក្រុមសកម្មប្រយុទ្ធផ្សេងទៀត។
យោងតាមគណៈកម្មាធិការការពារអ្នកសារព័ត៌មាន បានឲ្យដឹងថា បុគ្គលិកប្រព័ន្ធផ្សព្វផ្សាយជាង ១៩០នាក់ ដែលភាគច្រើនជាជនជាតិប៉ាឡេស្ទីន ត្រូវបានសម្លាប់ គិតចាប់តាំងពីសង្រ្គាម បានចាប់ផ្តើមផ្ទុះឡើងកាលពីខែតុលា ឆ្នាំ២០២៣៕

