ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ប្រទេសកូរ៉េខាងជើង បានរិះគន់ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae-myung ចំពោះការនិយាយសំដៅទៅរកការរំសាយអាវុធនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េក្នុងសុន្ទរកថារបស់លោកនៅសហរដ្ឋអាមេរិក។ លោក Lee បានថ្លែងសុន្ទរកថាកាលពីថ្ងៃចន្ទសប្តាហ៍នេះ នៅមជ្ឈមណ្ឌលសម្រាប់ការសិក្សាយុទ្ធសាស្ត្រនិងអន្តរជាតិក្នុងទីក្រុងវ៉ាស៊ីនតោន អំឡុងពេលលោកធ្វើទស្សនកិច្ចនៅសហរដ្ឋអាមេរិក។
លោកបាននិយាយថា វាមានសារៈសំខាន់ខ្លាំងក្នុងការបន្តស្វែងរកគោលដៅរំសាយអាវុធនុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េ ដើម្បីជាប្រយោជន៍ដល់សន្តិភាពយូរអង្វែងនៅលើឧបទ្វីបនេះ និងនៅលើពិភពលោក។

ប្រព័ន្ធផ្សព្វផ្សាយរាយការណ៍ថា សុន្ទរកថារបស់លោក Lee បានបង្ហាញថា ការស្វែងយល់និងការវិនិច្ឆ័យរបស់ទីក្រុងព្យុងយ៉ាងដែលថាទីក្រុងសេអ៊ូលគឺជាសត្រូវអចិន្ត្រៃយ៍របស់ខ្លួនគឺជារឿងត្រឹមត្រូវ។ វាក៏បាននិយាយផងដែរថា ប្រទេសកូរ៉េខាងជើងនៅតែមិនផ្លាស់ប្តូរជំហររបស់ខ្លួនដែលថាមិនបោះបង់ចោលអាវុធនុយក្លេអ៊ែរឡើយ។
ការអត្ថាធិប្បាយនេះពុំបាននិយាយអំពីកិច្ចប្រជុំកំពូលដែលបានធ្វើឡើងរវាងលោក Lee និងប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump នោះទេ។ របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូងបាននិយាយថា កូរ៉េខាងជើងទំនងជាបានបញ្ចៀសការនិយាយពីលោកTrump ខណៈទីក្រុងព្យុងយ៉ាងសង្ឃឹមសម្រាប់ការទទួលស្គាល់ថាជាមហាអំណាចនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិក និងសង្ឃឹមពីការសន្ទនាជាមួយទីក្រុងវ៉ាស៊ីនតោន។
