ការិយាល័យអាកាសធាតុបានឲ្យដឹងនៅថ្ងៃពុធ (ទី២៧ ខែសីហា)នេះថា ទីក្រុងតូក្យូបានជួបប្រទះកំណត់ត្រារយៈពេល ១០ថ្ងៃជាប់ៗគ្នានៃការមានសីតុណ្ហភាព ៣៥អង្សារសេ ឬលើសពីនេះ បន្ទាប់ពីប្រទេសនេះ បានឆ្លងកាត់កម្ដៅក្ដៅខ្លាំងបំផុតមិនធ្លាប់មាន កាលពីខែមិថុនា និងខែកក្កដា។
អ្នកវិទ្យាសាស្ត្របាននិយាយថា រលកកម្ដៅកាន់តែក្ដៅខ្លាំង និងញឹកញាប់ កើតមាននៅទូទាំងពិភពលោក ដោយសារតែការប្រែប្រួលអាកាសធាតុដែលបង្កឡើងដោយមនុស្ស ហើយប្រទេសជប៉ុន ក៏គេចមិនផុតដែរ។

អមដោយការបញ្ជាក់ថា ថ្ងៃពុធ គឺជាថ្ងៃទី១០ នៃការមានអាកាសធាតុក្ដៅខ្លាំងជាប់គ្នា ទីភ្នាក់ងារឧតុនិយមជប៉ុនបានប្រាប់ថា នេះជាលើកដំបូងចាប់តាំងពីការស្ទាបស្ទង់ បានចាប់ផ្តើមនៅឆ្នាំ១៨៧៥ ដែលកម្ដៅក្ដៅខ្លាំងបែបនេះត្រូវបានកត់ត្រា។
បើយោងតាមការផ្សាយពីទូរទស្សន៍ NHK បានឲ្យដឹងថា វាបានកើតឡើងបន្ទាប់ពីទីក្រុងមួយ នៅលើកោះភាគខាងជើងនៃកោះហុកកៃដូ ត្រូវបានជន់លិចដោយសារទឹកភ្លៀង កាលពីថ្ងៃអង្គារ។
ប្រទេសជប៉ុននៅឆ្នាំនេះមានអាកាសធាតុក្តៅបំផុតក្នុងខែមិថុនា និងកក្កដា ចាប់តាំងពីការប្រមូលទិន្នន័យបានចាប់ផ្តើមនៅឆ្នាំ១៨៩៨ ហើយនៅក្នុងខែសីហា ប្រទេសនេះ បានកត់ត្រាសីតុណ្ហភាពខ្ពស់បំផុតមិនធ្លាប់មាន ដោយអាកាសធាតុឡើងដល់ ៤១,៨អង្សាសេ នៅទីក្រុង Isesaki ភាគកណ្តាល។
មន្ត្រីជប៉ុនជំរុញឲ្យសាធារណជនស្វែងរកជម្រកនៅក្នុងបន្ទប់ម៉ាស៊ីនត្រជាក់ ក្នុងរដូវក្តៅនេះ ដើម្បីចៀសវាងសុរិយរោគ៕

