បាល់ទាត់៖ ក្រុមជើងឯក Copa dey Rey ៣១សម័យ FC Barcelona បានធ្លាក់ចេញត្រឹមវគ្គ ១៦ក្រុមចុងក្រោយបន្ទាប់ពីចាញ់ Athletic Bilbao ក្នុងម៉ោងបន្ថែម។ Iker Muniain ជាអ្នកបើកការនាំមុខឱ្យ Bilbao តាំងពីនាទីទី២ មុនពេលដែល Ferran Torres ស៊ុតតាមស្មើវិញនៅនាទីទី២០ ដែលជាគ្រាប់ដំបូងរបស់គេតាំងពីផ្ទេរពី Manchester City។

ការប្រកួតជិតដល់ទីបញ្ចប់ទៅហើយ Bilbao ក៏រកគ្រាប់នាំមុខបានម្តងទៀតដោយ Inigo Martinez នាទីទី៨៦ តែមិនចប់ត្រឹមនេះ Barcelona ក៏តាមស្មើនៅនាទីទី៩០+៣ ដោយ Pedri។ ឈានដល់ម៉ោងបន្ថែម ១៥នាទីពីរដង Iker Muniain ដដែលក៏រកបានគ្រាប់ទីពីររបស់ខ្លួននៅនាទីទី១០៥ ដែលជាគ្រាប់ជ័យជំនះសំរាប់ Athletic Bilbao។ Barcelona ដែលកំពុងឈរលេខ ៦ នៅ La Liga តាមពីក្រោយក្រុមលេខ ១ Real Madrid ដល់ទៅ ១៧ពិន្ទុនោះនៅសល់តែពានមួយទៀតទេក្នុងដៃគឺ UEFA Europa League។

មួយគូទៀតយប់មិញ Real Madrid យកឈ្នះនៅទឹកដី Elche ២-១ ឡើងវគ្គ ៨ក្រុមចុងក្រោយ។ ការប្រកួតនេះក៏អូសបន្លាយដល់ម៉ោងបន្ថែមដែរបន្ទាប់ពីស្មើគ្នា ០-០ ដល់ចប់ ៩០នាទី។ ក្នុងម៉ោងបន្ថែមនោះខ្សែការពារប្រេស៊ីល Marcelo ទទួលបានកាតក្រហមនៅនាទីទី១០២ មុនពេលដែលកីឡាករបម្រុង Gonzalo Verdu បើកការនាំមុខឱ្យ Elche។ គ្នាតិចជាងក៏ពិតមែនក្រុមរបស់លោក Carlo Ancelotti ក៏វាយបកពីក្រោយបានពីរគ្រាប់មកវិញដោយ Isco នាទីទី១០៨ និង Eden Hazard នាទីទី១១៥ មុនពេលដែល Elche បាត់បង់កីឡាករម្នាក់ដែរនៅនាទីទី១២០ ដោយ Pere Milla ទទួលបានកាតលឿងទី២។ ក្រុមទាំង ៨ ឡើងវគ្គបន្ទាប់រកឃើញអស់ហើយរង់ចាំតែការចាប់ឆ្នោតនៅថ្ងៃនេះ៕
អត្ថបទ៖នាង សុភាវុធ