ភ្នំពេញ៖ ក្រុមហ៊ុន KAMPOT LOGISTICS AND PORT COMPANY LIMITED ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) អនុម័តឱ្យបង្កើតមណ្ឌលភស្តុភារកម្ម និងកំពង់ផែពហុបំណង នៅក្នុងទឹកដីខេត្តកំពត កាលពីពេលថ្មីៗនេះ។ វត្តមាននៃគម្រោងនេះ នឹងជួយលើកកម្ពស់ និងប្រសិទ្ធិភាពសកម្មភាពនាំចេញ និងនាំចូលរបស់កម្ពុជា។
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានអនុញ្ញាតឱ្យ ក្រុមហ៊ុនKAMPOT LOGISTICS AND PORT COMPANY LIMITED វិនិយោគលើការអភិវឌ្ឍមណ្ឌលភស្តុភារកម្ម និងកំពង់ផែពហុបំណង នៅភូមិចង្ហោន សង្កាត់ព្រែកត្នោត ក្រុងបូកគោ ខេត្តកំពត ក្នុងទំហំទឹកប្រាក់ ១៣០០លានដុល្លារ។
លោក ស៊ិន ចន្ធី ប្រធានសមាគមភស្តុភារកម្មកម្ពុជា លើកឡើងថា គម្រោងអភិវឌ្ឍលើវិស័យដឹកជញ្ជូនរបស់ក្រុមហ៊ុនខាងលើនេះ គឺជាការរួមចំណែកមួយយ៉ាងធំ ក្នុងការសម្រួលដល់ថ្លៃ និងល្បឿននៃការដឹកជញ្ជូនរបស់កម្ពុជា ទាំងក្នុងនិងក្រៅស្រុក។
ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធនេះ នឹងត្រូវបានតភ្ជាប់យ៉ាងល្អប្រសើរ សម្រាប់កម្ពុជាក្នុងការជំរុញការនាំចេញទំនិញនានា ជាពិសេសផលិតផលកសិកម្ម។
ស្រដៀងគ្នានេះដែរ ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្ម បានលើកឡើងថា មណ្ឌលភស្តុភារកម្ម និងកំពង់ផែពហុបំណងនៅខេត្តកំពតនេះ នឹងសម្រួលដល់ការដឹកជញ្ជូនទំនិញរបស់កម្ពុជាទៅទីផ្សារបរទេសបានកាន់តែច្រើនជាពិសេសគឺទីផ្សារប្រទេសចិន។
ឧកញ៉ា លឹម ហេង បន្តថា ប្រសិនបើមានការវិនិយោគលើផ្នែកដឹកជញ្ជូននេះនៅកម្ពុជាច្រើន នោះវាធ្វើឱ្យថ្លៃ តម្លៃប្រកួតប្រជែងទំនិញក្នុងនិងក្រៅប្រទេសគឺកាន់តែទាប៕អត្ថបទ៖ វណ្ណៈ