សេវាសង្គ្រោះបន្ទាន់របស់រដ្ឋ Victoria បានឲ្យដឹងថា រថយន្តដឹកសិស្សសាលា នៅប្រទេសអូស្ត្រាលី បានរេចេញពីផ្លូវ ហើយបានកើតឧបទ្ទវហេតុ នៅថ្ងៃពុធ (ទី២៧ ខែសីហា) នេះ ដោយបានបណ្ដាលឲ្យក្មេងស្រីម្នាក់ស្លាប់ និង ១១នាក់ផ្សេងទៀតរងរបួស។
នគរបាលបានប្រាប់ថា រថយន្តនេះបានដឹកសិស្ស ២៨នាក់ មកពីសាលាអនុវិទ្យាល័យ Christian College Geelong នៅពេលដែលវាមិនអាចបត់ឆ្វេងបានដោយស្រួល នៅលើផ្លូវជនបទ ក្បែរទីក្រុង Geelong ហើយបានក្រឡាប់។

លោក Paul Lineham មន្ត្រីជាន់ខ្ពស់ម្នាក់របស់នគរបាលរដ្ឋ Victoria បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានមួយថា ទិដ្ឋភាពឧបទ្ទវហេតុ បានធ្វើឲ្យបុគ្គលិកសង្គ្រោះបន្ទាន់តក់ស្លុត និងពិបាកបំពេញការងារជួយសង្គ្រោះ។
លោកបានបញ្ជាក់ថា៖ «ការបាត់បង់ជីវិតត្រឹមតែម្នាក់ គឺជាការបាត់បង់ច្រើនពេកហើយ ហើយនៅពេលដែលវាកើតឡើងចំពោះក្មេងៗបែបនេះ ក្នុងនាមខ្ញុំជាឪពុកម្តាយម្នាក់ដែរ វាពិតជាធ្វើឲ្យខ្ញុំសោកសង្រេង ហើយចិត្តរបស់ខ្ញុំពិតជាមានការអាណិតអាសូរជាពន់ពេក ចំពោះឪពុកម្តាយទាំងឡាយ នៅពេលពួកគេដឹងថា កូនរបស់ពួកគេមានពាក់ព័ន្ធនឹងគ្រោះថ្នាក់នេះ»។
លោក David Shearer មកពីសេវារថយន្តសង្គ្រោះរបស់រដ្ឋ Victoria បានប្រាប់ថា ក្មេងម្នាក់ត្រូវបានបញ្ជូនតាមយន្តហោះសង្គ្រោះបន្ទាន់ទៅកាន់មន្ទីរពេទ្យ ដោយមានរបួសធ្ងន់ ខណៈមនុស្ស ១០នាក់ទៀត រួមទាំងអ្នកបើកបរផងដែរ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យតាមរថយន្ត៕


