យោធាអ៊ីស្រាអែល បានបង្កើនប្រតិបត្តិការជុំវិញទីក្រុងហ្កាហ្សានៅថ្ងៃពុធនេះ ខណៈដែលលោកប្រធានាធិបតី Donald Trump បានរៀបចំធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំ នៅសេតវិមានស្តីពីផែនការក្រោយសង្គ្រាម សម្រាប់ទឹកដីប៉ាឡេស្ទីនដែលត្រូវបានបំផ្លិចបំផ្លាញស្ទើរតែទាំងស្រុងនេះ។

អ៊ីស្រាអែល កំពុងរងសម្ពាធកាន់តែខ្លាំងទាំងក្នុងប្រទេស និងក្រៅប្រទេស ដើម្បីបញ្ចប់យុទ្ធនាការជិតពីរឆ្នាំរបស់ខ្លួន នៅតំបន់ហ្កាហ្សា ជាកន្លែងដែលយោធាកំពុងរៀបចំដើម្បីដណ្តើមយកទីក្រុងដ៏ធំបំផុតរបស់ទឹកដីនេះ ហើយអង្គការសហប្រជាជាតិ បានប្រកាសថា មានទុរ្ភិក្ស។
អ្នកសម្របសម្រួល បានផ្សព្វផ្សាយសេចក្តីព្រាងបទឈប់បាញ់ និងកិច្ចព្រមព្រៀងដោះលែងចំណាប់ថ្នូរ ដែលត្រូវបានទទួលយកដោយក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស។ ប៉ុន្តែអ៊ីស្រាអែលមិនទាន់ផ្តល់ការឆ្លើយតបជាផ្លូវការនៅឡើយទេ។
ជាក់ស្តែង យោធាអ៊ីស្រាអែល បាននិយាយថា កងទ័ពរបស់ខ្លួន កំពុងធ្វើប្រតិបត្តិការនៅជាយក្រុងហ្កាហ្សា ដើម្បីកំណត់ទីតាំង និងរុះរើទីតាំងហេដ្ឋារចនាសម្ព័ន្ធភេរវកម្មទាំងខាងលើ និងក្រោមដី។
