កងឆ្មាំបដិវត្តន៍ឥស្លាមអ៊ីរ៉ង់ (IRGC) បាននិយាយនៅថ្ងៃពុធនេះថា កងកម្លាំងរបស់ខ្លួន បានសម្លាប់ភេរ វករចំនួន ១៣នាក់ នៅក្នុងប្រតិបត្តិការរួមគ្នាចំនួន៣ នៅខេត្ត Sistan ភាគអាគ្នេយ៍ និងខេត្ត Baluchestan ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយនៅលើបណ្តាញព័ត៌មានផ្លូវការរបស់ខ្លួន Sepah News IRGC បាននិយាយថា កងកម្លាំងជើងគោករបស់ខ្លួន សហការជាមួយអង្គភាពស៊ើបការណ៍សម្ងាត់របស់ប្រទេសនេះ បានអនុវត្តប្រតិបត្តិការប្រឆាំងអំពើភេរវកម្មរួមគ្នា នៅក្នុងស្រុក Iranshahr, Khash និង Saravan នៅព្រឹកថ្ងៃពុធនេះ។
IRGC បានបន្ថែមថា «ភេរវករ»មួយចំនួន ក៏ត្រូវបានចាប់ខ្លួនផងដែរ ក្នុងអំឡុងពេលប្រតិបត្តិការ ដោយមិនបានបញ្ជាក់ចំនួនរបស់ពួកគេទេ។
ដោយធ្វើការអត្ថាធិប្បាយអំពីកិច្ចប្រតិបត្តិនៅក្នុងទីក្រុង Iranshahr អ្នកនាំពាក្យនគរបាលអ៊ីរ៉ង់លោក Saeed Montazerolmahdi បាននិយាយថា កងកម្លាំងសន្តិសុខរបស់ប្រទេសនេះបាន សម្លាប់ជនសកម្មប្រយុទ្ធចំនួន ៨នាក់ ដែលបានចូលរួមនៅក្នុងការវាយប្រហារកាលពីថ្ងៃសុក្រ លើអង្គភាពល្បាតរបស់នគរបាល នៅក្នុងស្រុកដូចគ្នា ដែលបានបណ្តាលឲ្យមន្ត្រីនគរបាល ៥នាក់ស្លាប់។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានពាក់កណ្តាលផ្លូវការ Tasnim។
