អ៊ុយក្រែន៖ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានវាយបកចំពោះការអត្ថាធិប្បាយដែលធ្វើឡើងដោយសមភាគីអាមេរិកគឺលោក Joe Biden ដែលថាមានការឈ្លានពានតិចតួចពីរុស្ស៊ីទៅលើប្រទេសរបស់ខ្លួន។ លោក Biden បានលើកឡើងថា ការវាយប្រហារតិចតួចអាចនាំឲ្យមានការឆ្លើយតបធម្មតាពីសហរដ្ឋធាមេរិក និងសម័ន្ធមិត្តរបស់ខ្លួន។

ប៉ុន្តែលោក Zelensky បានសរសេរនៅលើបណ្ដាញសង្គមធ្វីតធ័រថា ពុំមានការឈ្លានពានតិចតួចណាមួយកើតឡើងនោះទេ។ ហើយក៏ពុំមានការបាត់បង់អាយុជីវិតតិចតួច និងភាពសោកសៅតិចតួចដោយសារតែការបាត់បង់មនុស្សជាទីស្រឡាញ់របស់ខ្លួននោះទេ។ លោកប្រធានាធិបតី Vladimir Putin បានទាមទារជាបន្តបន្ទាប់ពីលោកខាងលិច ដោយទទូចមិនឲ្យអ៊ុយក្រែនចូលជាសមាជិកអង្គការណាតូ និងបោះបង់ចោលសកម្មភាពយោធារបស់សម្ព័ន្ធនេះនៅក្នុងតំបន់អឺរ៉ុបខាងកើត។ កាលពីថ្ងៃពុធ ប្រធានាធិបតីអាមេរិកបានប្រាប់សន្និសីទសារព័ត៌មានថា លោក Putin នឹងត្រូវសងការខូចខាតទាំងស្រុងចំពោះការឈ្លានពានចូលអ៊ុយក្រែន ប៉ុន្តែលោកក៏បានបញ្ជាក់ផងដែរថា វាអាស្រ័យថា តើរុស្ស៊ីត្រូវបោះជំហានទៅមុខដោយរបៀបណា៕
អត្ថបទ៖ សុខមាន