ប្រទេសកូរ៉េខាងត្បូង នៅថ្ងៃពុធ (ទី២៧ ខែសីហា) នេះ បានអនុម័តសេចក្ដីស្នើច្បាប់ ដើម្បីហាមឃាត់មិនឲ្យប្រើប្រាស់ទូរសព្ទដៃ និងឧបករណ៍ឌីជីថលផ្សេងទៀត នៅក្នុងថ្នាក់រៀនទូទាំងប្រទេស ខណៈដែលមានការព្រួយបារម្ភខ្លាំងឡើងៗ អំពីផលប៉ះពាល់នៃការប្រើប្រាស់បណ្ដាញសង្គមច្រើនពេក ក្នុងចំណោមយុវវ័យ។
ការហាមប្រាមដែលនឹងចូលជាធរមានចាប់ពីខែមីនាឆ្នាំក្រោយ ធ្វើឲ្យកូរ៉េខាងត្បូងជាប្រទេសចុងក្រោយគេបង្អស់ ដែលរឹតបន្តឹងលើការប្រើប្រាស់ស្មាតហ្វូន និងបណ្ដាញសង្គម ក្នុងចំណោមអនីតិជន។
ថ្មីៗនេះ ប្រទេសអូស្ត្រាលីបានពង្រីកវិធានការហាមឃាត់មុនគេរបស់ខ្លួន ចំពោះការប្រើប្រាស់បណ្ដាញសង្គមរបស់ក្មេងជំទង់។ ការសិក្សាមួយបានរកឃើញនៅខែកក្កដាថា ការហាមប្រាមមិនឲ្យប្រើទូរសព្ទដៃ នៅសាលារបស់ប្រទេសហូឡង់ បានធ្វើឲ្យការផ្តោតអារម្មណ៍ក្នុងចំណោមសិស្សកាន់តែប្រសើរឡើង។
យោងតាមមជ្ឈមណ្ឌលស្រាវជ្រាវ Pew ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានឲ្យដឹងថា កូរ៉េខាងត្បូង គឺស្ថិតក្នុងចំណោមប្រទេសដែលភ្ជាប់ប្រព័ន្ធឌីជីថលច្រើនបំផុតរបស់ពិភពលោក ដោយ ៩៩ភាគរយនៃប្រជាជនកូរ៉េខាងត្បូងប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិត និង ៩៨ភាគរយមានស្មាតហ្វូន ដែលជាអត្រាខ្ពស់បំផុត ក្នុងចំណោម ២៧ប្រទេស ដែលស្ថាប័ននេះបានសិក្សាពិនិត្យក្នុងឆ្នាំ២០២២ និងឆ្នាំ២០២៣។
ច្បាប់ដែលដាក់បម្រាមនេះ ទទួលបានការគាំទ្រទាំងពីគណបក្សកាន់អំណាច និងប្រឆាំង ក្នុងការបោះឆ្នោតសភា នាថ្ងៃពុធនេះ។ លោក Cho Jung-hun សមាជិកសភាមកពីក្រុមប្រឆាំង គឺគណបក្ស People Power Party និងជាអ្នកគាំទ្រសេចក្ដីស្នើច្បាប់នេះ បាននិយាយថា៖ «ការញៀនរបស់យុវជនរបស់យើង ចំពោះបណ្ដាញសង្គម គឺស្ថិតក្នុងកម្រិតធ្ងន់ធ្ងរមួយឥឡូវនេះ»៕