គណៈរដ្ឋមន្ត្រីរបស់ប្រទេសអាល្លឺម៉ង់ បានអនុម័តសេចក្តីព្រាងច្បាប់មួយ នៅថ្ងៃពុធ (ទី២៧ ខែសីហា) នេះ ដែលនឹងណែនាំនូវសេវាយោធាដោយស្ម័គ្រចិត្ត ខណៈដែលប្រទេសនេះស្វែងរកការពង្រឹងផ្នែកការពារជាតិ ដោយសារក្ដីបារម្ភផ្នែកសន្តិសុខដែលពាក់ព័ន្ធនឹងរុស្ស៊ី។
សេចក្ដីស្នើច្បាប់នេះក៏បានបើកឱកាសឲ្យមានការបញ្ចូលឡើងវិញនូវការចុះឈ្មោះជាកាតព្វកិច្ចផងដែរ។ ក្រសួងការពារជាតិ សង្ឃឹមថា គម្រោងស្ម័គ្រចិត្តរយៈពេល ៦ខែនេះ នឹងជួយបង្កើនទ្វេដងនៃចំនួនទ័ពបម្រុងដែលត្រូវបានបណ្តុះបណ្តាល ពីកម្រិតបច្ចុប្បន្នប្រហែល ១០០.០០០នាក់ ហើយថា អ្នកស្ម័គ្រចិត្តមួយចំនួន នឹងបានបន្តអាជីពជាយោធាពេញសិទ្ធិតែម្ដង។
តែយ៉ាងណាក្ដី សេចក្តីព្រាងច្បាប់នេះ ទំនងជាប្រឈមនឹងការលំបាក ក្នុងការឆ្លងកាត់សភា ជាការសាកល្បងនៃការប្តេជ្ញាចិត្តរបស់ប្រទេសអាល្លឺម៉ង់ ក្នុងការពង្រឹងវិស័យការពារជាតិ នៅក្នុងគ្រាដែលមានការគំរាមកំហែងផ្នែកសន្តិសុខ បន្ទាប់ពីមានការលុកលុយឈ្លានពានរបស់រុស្ស៊ី លើអ៊ុយក្រែន ក្នុងឆ្នាំ២០២២។
គួរបញ្ជាក់ថា ប្រទេសអាល្លឺម៉ង់បានបញ្ចប់កម្មវិធីចូលបម្រើយោធាជាកាតព្វកិច្ចរបស់ខ្លួន កាលពីឆ្នាំ២០១១ ហើយចាប់តាំងពីពេលនោះមក បានជួបការលំបាកក្នុងការបំពេញតាមគោលដៅរបស់កងទ័ព៕