បាល់ទាត់៖ ហង្សក្រហម Liverpool បានឈានឡើងវគ្គផ្ដាច់ព្រ័ត្រនៅកីឡដ្ឋាន Wembley ជាលើកដំបូងក្នុងរយៈពេល ៦ឆ្នាំបន្ទាប់ពី Diogo Jota រកបានពីរគ្រាប់ម្នាក់ឯងយកឈ្នះកាំភ្លើងធំ Arsenal នៅកីឡដ្ឋាន Emirate។

តំបន់ប្រយុទ្ធខាងលើរបស់ Liverpool មិនមានវត្តមាន Mohamed Salah និង Sadio Mane ឡើយដោយអ្នកទាំង២ ជាប់ភារកិច្ចជាមួយក្រុមជំរើសជាតិនៅព្រឹត្តិការណ៍បាល់ទាត់ទ្វីបអាហ្វ្រិក។ Arsenal ដែលជើងឯកទី១ នៅទឹកដី Liverpool ស្មើគ្នា ០-០ នោះក៏ចាប់ផ្តើមបានល្អដែរតែគ្មានសំណាងដូចជាបាល់ Freekick របស់ Alexander Lacazette បុករបារទី មុនពេល Diogo Jota បើកការនាំមុខនៅនាទីទី១៩ និងគ្រាប់ទីពីរទៀតនៅនាទីទី៧៧ ក្នុងវគ្គទី២។

គិតមកដល់ពេលនេះតាំងពីផ្លាស់ពី Wolverhampton រដូវកាលមុនក្នុងតម្លៃ ៤៥លានផោន Diogo Jota ស៊ុតបញ្ចូលទីបានសរុប ២៧គ្រាប់ហើយក្នុងការបង្ហាញខ្លួន ៥៧ប្រកួតបូករួមទាំង ១៤គ្រាប់រដូវកាលនេះ។ វគ្គផ្តាច់ព្រ័ត្រ Carabao Cup នឹងធ្វើឡើងនៅថ្ងៃទី២៧ ខែកុម្ភៈខាងមុខរវាង Chelsea និង Liverpool នៅកីឡដ្ឋាន Wembley ទីក្រុងឡុងដ៍៕
អត្ថបទ៖នាង សុភាវុធ