អ៊ីស្រាអែលកាលពីថ្ងៃពុធ ២៧ សីហា បានស្នើឱ្យស្ថាប័នឃ្លាំមើលភាពអត់ឃ្លានជាសាកលដកចោលការវាយតម្លៃដែលថាទីក្រុង ហ្កាហ្សា និងតំបន់ជុំវិញកំពុងទទួលរងគ្រោះទុរ្ភិក្ស ដោយបានច្រានចោលការរកឃើញនោះ ថាជាកំហុសដ៏ធំ ។

សំណើនេះបានកើតឡើងប៉ុន្មានម៉ោងមុនពេលកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក ជាទីដែលសមាជិកក្រុមប្រឹក្សាចំនួន ១៤ប្រទេស លើកលែងតែសហរដ្ឋអាមេរិកបានចេញសេចក្តីថ្លែងការណ៍រួមមួយដោយហៅគ្រោះទុរ្ភិក្សនៅហ្កាហ្សាថាជា វិបត្តិដែលបង្កើតឡើងដោយមនុស្ស ។
សេចក្តីថ្លែងការណ៍ក៏បានព្រមានផងដែរថា ការប្រើប្រាស់ភាពអត់ឃ្លានជាអាវុធនៃសង្គ្រាម ត្រូវបានហាមប្រាមក្រោមច្បាប់មនុស្សធម៌អន្តរជាតិ។ សេចក្តីថ្លែងការណ៍នោះ បានអំពាវនាវឱ្យមានបទឈប់បាញ់ជាបន្ទាន់ គ្មានលក្ខខណ្ឌ និងជាអចិន្ត្រៃយ៍ ការដោះលែងចំណាប់ខ្មាំង និងឱ្យអ៊ីស្រាអែលបញ្ឈប់ ការរឹតបន្តឹងទាំងអស់លើការផ្តល់ជំនួយភ្លាមៗ។
សមាជិកក្រុមប្រឹក្សាបាននិយាយថា ទុរ្ភិក្សនៅក្នុងតំបន់ហ្កាហ្សាត្រូវតែបញ្ឈប់ជាបន្ទាន់។គ្រាអាសន្នផ្នែកមនុស្សធម៌ត្រូវតែត្រូវបានដោះស្រាយដោយមិនបង្អង់យូរ ហើយអ៊ីស្រាអែលត្រូវតែផ្លាស់ប្តូរទិសដៅ ។
ប្រព័ន្ធចំណាត់ថ្នាក់ដំណាក់កាលសន្តិសុខស្បៀងរួមបញ្ចូលគ្នា (IPC) បាននិយាយកាលពីសប្តាហ៍មុនថាមនុស្ស៥១៤.០០០នាក់ ជិតមួយភាគបួននៃប្រជាជនប៉ាឡេស្ទីនក្នុងតំបន់ហ្កាហ្សាកំពុងជួបប្រទះគ្រោះទុរ្ភិក្ស ជាចំនួនដែលរំពឹងថានឹងកើនឡើងដល់៦៤១.០០០ នាក់ នៅចុងខែកញ្ញា៕

