យោងតាមការស្ទង់មតិថ្មីមួយពីសារព័ត៌មានរ៉យទ័រ និងស្ថាប័នស្រាវជ្រាវ Ipsos បានបង្ហាញថា ប្រជាជនអាមេរិកភាគច្រើនបានគាំទ្រកិច្ចប្រឹងប្រែងក្នុងការដាក់ទណ្ឌកម្មលើដៃគូពាណិជ្ជកម្មរបស់រុស្ស៊ី ថាជាមធ្យោបាយដ៏ល្អដើម្បីដាក់សម្ពាធទីក្រុងមូស្គូ ឱ្យបញ្ចប់សង្រ្គាមជាមួយអ៊ុយក្រែន។

ការស្ទង់មតិរយៈពេលបីថ្ងៃ ដែលបញ្ចប់កាលពីថ្ងៃអាទិត្យ (២៤ សីហា) បានបង្ហាញថា អត្រា ៦២% នៃអ្នកឆ្លើយតប បានគាំទ្រការដាក់ទណ្ឌកម្មលើសម្ព័ន្ធមិត្តពាណិជ្ជកម្មរុស្ស៊ី ដោយនេះជាយុទ្ធសាស្ត្រដែលប្រធានាធិបតីអាមេរិក លោក Donald Trump កំពុងធ្វើឡើងដោយផ្នែក ហើយបានគំរាមពង្រីកសកម្មភាពនេះដោយរួមបញ្ចូលចិនផងដែរ។
ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ លោក Trump បានជំរុញការទូតដ៏ខ្លាំងក្លា ដោយជួបជាមួយមេដឹកនាំរុស្ស៊ី លោក Vladimir Putin នៅរដ្ឋអាឡាស្កា ប៉ុន្តែនៅមិនទាន់អាចបញ្ឈប់ជម្លោះអ៊ុយក្រែនបាន ដែលជាគោលដៅសន្យាដ៏ម៉ឺងម៉ាត់មួយរបស់លោក ហើយលោក Trump ក៏បានព្រមានបើកសង្រ្គាមសេដ្ឋកិច្ច ប្រសិនបើវឌ្ឍនភាពលើសន្តិភាពអ៊ុយក្រែន នៅតែរអាក់រអួល។
ក្នុងកិច្ចខិតខំដើម្បីបញ្ចប់ការប្រយុទ្ធ ប្រធានាធិបតីអាមេរិករូបនេះបានដាក់ទណ្ឌកម្មបន្ទាប់បន្សំរួចមកហើយ ក្នុងទម្រង់នៃពន្ធបន្ថែម ២៥% លើឥណ្ឌា ដោយសារការបន្តទិញប្រេងពីរុស្ស៊ី ខណៈប្រេងជាប្រភពហិរញ្ញប្បទានដ៏សំខាន់របស់វិមានក្រឹមឡាំងសម្រាប់សង្គ្រាមរបស់ខ្លួនលើអ៊ុយក្រែន។
លោក Trump ក៏បានគំរាមដាក់ពន្ធលើចិន ដែលជាអ្នកទិញប្រេងធំបំផុតរបស់រុស្ស៊ី ព្រមទាំងទួរគី អេមីរ៉ាតអារ៉ាប់រួម និងប្រទេសផ្សេងទៀតដែលធ្វើពាណិជ្ជកម្មជាមួយរុស្ស៊ី ដើម្បីបង្កើនសម្ពាធលើក្រុងមូស្គូ ឱ្យយល់ព្រមលើបទឈប់បាញ់៕

