សាក្សី និងអាជ្ញាធរប៉ាឡេស្ទីនបាននិយាយថា ទាហានអ៊ីស្រាអែលរាប់សិបនាក់បានសម្រុកចូលទីក្រុង Nablus ក្នុងតំបន់កាន់កាប់West Bank កាលពីថ្ងៃពុធ ទី២៧ ខែសីហា ដោយអឌ្ឍចន្ទក្រហមបានរាយការណ៍ថាមនុស្សយ៉ាងហោចណាស់៧នាក់បានរងរបួសក្នុងការវាយឆ្មក់។ សារព័ត៌មានរាយការណ៍ថា យោធាអ៊ីស្រាអែលបានបញ្ជាក់ថា កងកម្លាំងរបស់ខ្លួនកំពុងធ្វើប្រតិបត្តិការនៅភាគខាងជើងទីក្រុង West Bank ដោយពុំបានបញ្ជាក់ពីគោលបំណងឡើយ។

ការវាយឆ្មក់ បានចាប់ផ្តើមនៅម៉ោងប្រហែល៣ទៀបភ្លឺម៉ោងក្នុងស្រុក ដោយក្រុមទាហាននៅក្នុងយានរថពាសដែកបានវាយសម្រុកចូលទីក្រុងចាស់ Nablus ដែលមានប្រជាជនប្រហែល៣០.០០០នាក់។
ការសម្រុកចូលនេះ បានកើតឡើងមួយថ្ងៃបន្ទាប់ពីកងកម្លាំងអ៊ីស្រាអែលបានវាយឆ្មក់ដ៏កម្រទៅលើទីក្រុង Ramallah ជាទីតាំងរបស់អាជ្ញាធរប៉ាឡេស្ទីនដោយដាក់គោលដៅលើទីតាំងប្តូររូបិយប័ណ្ណនៅកណ្តាលទីក្រុង បណ្តាលឲ្យពលរដ្ឋប៉ាឡេស្ទីនរាប់សិបនាក់រងរបួស នេះបើយោងតាមសមាគមអឌ្ឍចន្ទក្រហមប៉ាឡេស្ទីន។
អភិបាលក្រុង Nablus លោក Ghassan Daghlas បាននិយាយ ថា «ការវាយប្រហារកាលពីថ្ងៃពុធជាការបង្ហាញកម្លាំងដោយគ្មានហេតុផលត្រឹមត្រូវ»។ សាក្សីម្នាក់និយាយថា ទាហានបានបណ្ដេញប្ដីប្រពន្ធវ័យចំណាស់ពីរនាក់ចេញពីលំនៅឋានរបស់ពួកគេ។
លោក Ghassan Hamdan ប្រធានអង្គការសង្គ្រោះវេជ្ជសាស្ត្រប៉ាឡេស្ទីននៅទីក្រុង Nablus បាននិយាយថា កងទ័ពអ៊ីស្រាអែល «កំពុងវាយលុក និងឆែកឆេរនៅតាមផ្ទះនិងហាងនានានៅក្នុងទីក្រុងចាស់ មួយនេះខណៈលំនៅឋានមួយចំនួនត្រូវបានប្រែក្លាយទៅជាប៉ុស្តិ៍យោធា»។
