បំណាក់ដីដែលបង្កឡើងដោយសារព្យុះទីហ្វុង Kajiki បានបណ្ដាលឲ្យអ្នកស្លាប់កើនឡើងដល់៤ នាក់ ១៣នាក់ របួស និង៥ នាក់ទៀតបាត់ខ្លួននៅភូមិមួយក្នុងខេត្តឈៀងម៉ៃ (Chiang Mai) កាលពីថ្ងៃពុធ ២៧ សីហា នេះបើយោងតាមក្រសួងសុខភាពសាធារណៈរបស់ប្រទេសថៃ។

ក្រុមអាជ្ញាធរបានបញ្ជាក់ថា មនុស្សបួននាក់បានស្លាប់រហូតមកដល់ពេលនេះ ក្នុងនោះមានអ្នកស្រុកពីរនាក់ និងជនអន្តោប្រវេសន៍ Shan មកពីសហភាពមីយ៉ាន់ម៉ាចំនួនពីរនាក់។ មនុស្សសរុប ១៣នាក់បានរងរបួស ក្នុងនោះមាន២នាក់របួសធ្ងន់ ។ ក្រុមជួយសង្គ្រោះកំពុងបន្តស្វែងរកអ្នកបាត់ខ្លួន៥នាក់ដែលសុទ្ធសឹងជាជនអន្តោប្រវេសន៍ Shan។

វីដេអូពីសេវាផ្សព្វផ្សាយសាធារណៈថៃ (TPBS) បានបង្ហាញភូមិ Ban Pang Ung ដែលស្ថិតនៅក្នុងតំបន់ភ្នំចម្ងាយជាង២០០ គីឡូម៉ែត្រ ពីទីក្រុង Chiang Mai ត្រូវបានកប់ក្នុងល្បប់ និងកម្ទេចកម្ទី។
នាយកដ្ឋានបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយរបស់ប្រទេសថៃ បាននិយាយកាលពីថ្ងៃពុធថា ភ្លៀងធ្លាក់ខ្លាំងបានបណ្តាលឱ្យមានទឹកជំនន់ និងបំណាក់ដីនៅក្នុងខេត្តចំនួនប្រាំបីក្នុងប្រទេសថៃ ដែលប៉ះពាល់ដល់គ្រួសារជាង ១៨០ ។
ចំណែកនៅក្នុងប្រទេសវៀតណាមឯណោះវិញ រដ្ឋាភិបាលបាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃពុធសប្ដាហ៍នេះដែរថា មនុស្សប្រាំពីរនាក់បានស្លាប់ក្នុងប្រទេសនេះ ជាទីដែលព្យុះទីហ្វុង Kajiki និងទឹកជំនន់ បានបំផ្លាញ និងជន់លិចលំនៅឋាន និងការិយាល័យជាង១០.០០០ កន្លែង ព្រមទាំងដំណាំស្រូវ និងដំណាំកសិកម្មផ្សេងទៀត ជាង៨០ ហិកតា៕