ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បាននិយាយថា ក្រុមមន្ត្រីរបស់លោកនឹងជួបអ្នកតំណាងប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump នៅទីក្រុងញូវយ៉ក ជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងសម្របសម្រួលកាន់តែខ្លាំងដើម្បីបញ្ចប់សង្រ្គាមជាមួយរុស្ស៊ី។

ថ្លែងក្នុងសុន្ទរកថាពេលយប់កាលពីថ្ងៃពុធ លោក Zelenskiy ក៏បានប្រកាសតែងតាំងឯកអគ្គរដ្ឋទូតអ៊ុយក្រែនថ្មីប្រចាំសហរដ្ឋអាមេរិក ដោយនិយាយថាអតីតរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោកស្រី Olha Stefanishyna នឹងជំនួសលោកស្រី Oksana Markarova ដែលបានបម្រើការក្នុងតំណែងឯកអគ្គរដ្ឋទូតតាំងពីឆ្នាំ២០២១។
លោក Zelenskiy បាននិយាយថាលោកបានបញ្ជាក់ទៅកាន់ លោកស្រី Stefanishyna ពី «ភារកិច្ចសំខាន់ៗនៃការធ្វើឱ្យការងាររបស់ស្ថានទូតមានភាពរឹងមាំ»។ លោកនិយាយថា «សន្តិសុខរយៈពេលវែងរបស់អ៊ុយក្រែនភាគច្រើនអាស្រ័យលើទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក» និងបាននិយាយបន្ថែមថាការធានាបានថាការផ្ទេរអាវុធដែលនៅបន្តពីសហរដ្ឋអាមេរិកគឺជាអាទិភាពកំពូល។
បេសកជនពិសេសរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump គឺលោក Steve Witkoff បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយអាមេរិកថា លោករំពឹងថានឹងជួបពិភាក្សាជាមួយមន្ត្រីអ៊ុយក្រែននៅសប្តាហ៍នេះ។ គួរំលឹកថាប្រធានាធិបតីសហរដ្ឋអាមេរិក បានជួបលោក Zelenskiy កាលពីដើមខែនេះ ប៉ុន្មានថ្ងៃបន្ទាប់ពីមានជំនួបកំពូលជាមួយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin នៅក្នុងរដ្ឋ Alaska។
