មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នឹងធ្វើទស្សនកិច្ចទៅកាន់ប្រទេសចិន ជាលើកដំបូងក្នុងរយៈពេល ៦ឆ្នាំ ដើម្បីចូលរួមព្យុហយាត្រាយោធានៅទីក្រុងប៉េកាំង នាសប្តាហ៍ក្រោយ នេះបើតាមការបញ្ជាក់របស់ប្រទេសទាំងពីរនៅថ្ងៃព្រហស្បតិ៍ (២៨ សីហា) នេះ នៅក្នុងព្រឹត្តិការណ៍ដ៏កម្រមួយដែលនឹងមើលឃើញលោក គីម ទៅជួបក្រុមមេដឹកនាំពិភពលោករាប់សិបរូបជាលើកដំបូង ចាប់តាំងពីចូលកាន់តំណែងនៅចុងឆ្នាំ២០១១។

ចិន នឹងធ្វើព្យុហយាត្រានៅទីក្រុងប៉េកាំង ក្នុងថ្ងៃពុធ ទី៣ ខែកញ្ញា ដើម្បីប្រារព្ធខួបលើកទី៨០ នៃការបញ្ចប់សង្គ្រាមលោកលើកទីពីរ។ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានឱ្យដឹងថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ក៏នឹងស្ថិតក្នុងចំណោមមេដឹកនាំបរទេសចំនួន ២៦រូប ដែលចូលរួមពិធីនោះផងដែរ។
សេចក្ដីរាយការណ៍បានដកស្រង់សម្ដីឧបការីរដ្ឋមន្ត្រីការបរទេសចិន លោក Hong Lei ដែលនិយាយថា លោក គីម នឹងទៅចូលរួមនូវអ្វីដែលខ្លួនហៅថា “ការរំលឹកខួបជ័យជម្នះរបស់ចិន” នៅថ្ងៃទី៣ កញ្ញា។ ចំណែកទីភ្នាក់ងារសារព័ត៌មានរដ្ឋរបស់កូរ៉េខាងជើង បានបញ្ជាក់ថា លោក គីម នឹងទស្សនកិច្ចទៅកាន់ប្រទេសចិន តបតាមការអញ្ជើញរបស់ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ដើម្បីចូលរួមក្នុងការប្រារព្ធខួបលើកទី៨០ នៃការបញ្ចប់សង្គ្រាម។
ប្រសិនបើដំណើររបស់លោក គីម កើតឡើងមែន នោះនឹងក្លាយជាទស្សនកិច្ចលើកដំបូងរបស់លោកទៅប្រទេសចិន ចាប់តាំងពីឆ្នាំ២០១៩។ ចាប់តាំងពីឡើងកាន់តំណែងក្នុងខែធ្នូ ឆ្នាំ២០១១មក លោក គីម បានជួបជាមួយលោក ស៊ី លោក ពូទីន ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ អតីតមេដឹកនាំកូរ៉េខាងត្បូង លោក មូន ជេអ៊ីន និងអ្នកដទៃទៀត ប៉ុន្តែកិច្ចប្រជុំកំពូលទាំងអស់នោះគឺជាជំនួបទ្វេភាគីប៉ុណ្ណោះ ហើយលោក គីម មិនដែលចូលរួមកិច្ចប្រជុំកំពូល ឬព្រឹត្តិការណ៍ពហុភាគីណាមួយ ដែលពាក់ព័ន្ធនឹងមេដឹកនាំបរទេសនោះឡើយ៕

