ទីភ្នាក់ងារអង្គការសហប្រជាជាតិសម្រាប់សុខភាពបន្តពូជ និងសិទ្ធិមនុស្ស UNFPA បានចេញការព្រមានថា សង្រ្គាមជុំវិញពិភពលោក ចាប់ពីតំបន់ហ្កាហ្សា ទៅដល់ប្រទេសស៊ូដង់ បាននិងកំពុងបំផ្លាញប្រព័ន្ធនានាដែលបង្កើតឡើងដើម្បីការពារជនស៊ីវិល ដោយបុគ្គលិកសុខាភិបាល មន្ទីរពេទ្យ មណ្ឌលសុខភាព និងរថយន្តសង្គ្រោះ បានក្លាយជាគោលដៅ និងជាជនរងគ្រោះក្នុងអត្រាដ៏គួរឱ្យរន្ធត់។

ទីភ្នាក់ងារនេះបានចេញសេចក្ដីរាយការណ៍កាលពីថ្ងៃទី២៣ សីហា ថា ការវាយប្រហារប្រឆាំងនឹងគ្រឹះស្ថានសុខាភិបាលកើនឡើងទ្វេដងនៅចន្លោះឆ្នាំ២០២៣ និង២០២៤ ហើយបុគ្គលិកសុខាភិបាលជាង ៩០០នាក់ ត្រូវសម្លាប់ជុំវិញពិភពលោក កាលពីឆ្នាំមុន។ បុគ្គលិកជំនួយមនុស្សធម៌ក៏ស្លាប់ក្នុងចំនួនកំណត់ត្រាផងដែរឆ្នាំ២០២៤ ប៉ុន្តែនៅឆ្នាំ២០២៥ នេះគឺលើសពីស្ថិតិដ៏ខ្មៅងងឹតពីមុនទៅទៀត។
ចាប់តាំងពីខែតុលា ឆ្នាំ២០២៣មក អង្គការសុខភាពពិភពលោក (WHO) បានកត់ត្រាការវាយប្រហារជាង ៧២០លើក លើកន្លែងថែទាំសុខភាពនៅហ្កាហ្សា ដោយយ៉ាងហោចមានបុគ្គលិកសុខាភិបាល ១.៥៨០នាក់ ត្រូវសម្លាប់។ នៅស៊ូដង់ ទិន្នន័យ WHO បង្ហាញថា ចំនួនជាង ៨០% នៃកន្លែងថែទាំសុខភាពនៅក្នុងតំបន់ជម្លោះ លែងដំណើរការទៅហើយ ខណៈបុគ្គលិកជួបហានិភ័យនឹកស្មានមិនដល់។
ទន្ទឹមនឹងនេះ វិបត្តិនៅហៃទីក៏ចេះតែរីករាលដាល ដោយគ្លីនីក និងមន្ទីរពេទ្យត្រូវកំណត់គោលដៅដោយចេតនា ក្នុងវិបត្តិដែលគ្របដណ្ដប់ប្រទេសនេះអស់ ១៨ខែមកហើយ។ នៅអ៊ុយក្រែន ចាប់តាំងពីខែមករា ឆ្នាំ២០២៥មក អង្គការ WHO បានកត់ត្រាការវាយប្រហារជាង ៣០០ដង ដោយរុស្ស៊ី លើកន្លែងថែទាំសុខភាព សេវាកម្ម និងបុគ្គលិកនៅអ៊ុយក្រែន។ លើសពីនេះ នៅភាគខាងកើតកុងហ្គោ កន្លែងភាគច្រើនដែលផ្តល់ការថែទាំសុខភាពមាតា ត្រូវបានទម្លាក់គ្រាប់បែក ឬលួចប្លន់៕

