ក្រុមប្រឹក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិ បានបើកកិច្ចប្រជុំមួយកាលពីថ្ងៃពុធ (២៧ សីហា) ដោយក្រុមមន្ត្រីបានគូសបញ្ជាក់ពីតម្រូវការបន្ទាន់ក្នុងការចាត់វិធានការយ៉ាងដាច់ណាត់បំផុតដើម្បីបញ្ចប់ជម្លោះរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន ខណៈសង្រ្គាមតំបន់ហ្កាហ្សា បន្តអស់ជិតពីរឆ្នាំ ជាមួយនឹងអំពើហិង្សាកើនឡើង និងការពង្រីកទីតាំងទីលំនៅក្នុងតំបន់កាន់កាប់ វេសបែង ស្របពេលផែនការកាន់កាប់របស់អ៊ីស្រាអែល លើដែនដីហ្កាហ្សាស្ទ្រីបទាំងមូល។

ខណៈវិបត្តិនៅទឹកដីប៉ាឡេស្ទីនទាំងនោះកាន់តែជ្រៅឡើង លោក Ramiz Alakbarov អ្នកសម្របសម្រួលពិសេសរបស់អង្គការសហប្រជាជាតិសម្រាប់ដំណើរការសន្តិភាពមជ្ឈិមបូព៌ា បានថ្លែងក្នុងកិច្ចប្រជុំនោះថា៖ ពិភពលោកកំពុងឈរមើលទាំងភាពភ័យរន្ធត់ ខណៈស្ថានការណ៍នៅក្នុងដែនដីកាន់កាប់ប៉ាឡេស្ទីន បន្តធ្លាក់ចុះដល់កម្រិតមិនធ្លាប់ឃើញក្នុងប្រវត្តិសាស្ត្រថ្មីៗនេះ។

មន្រ្តីអង្គការរសហប្រជាជាតិរូបនេះ សង្កត់ធ្ងន់លើវិធានការបន្ទាន់ដ៏ចាំបាច់ ដោយផ្តោតសំខាន់លើហ្កាហ្សា ដែលកំពុង "លិចលង់កាន់តែជ្រៅក្នុងគ្រោះមហន្តរាយ ដោយការស្លាប់ និងរបួសរបស់ជនស៊ីវិលបន្តកើនឡើងឆាប់រហ័ស ការជម្លៀសខ្លួនដ៏ច្រើនលើសលប់ ហើយឥឡូវនេះមានគ្រោះទុរ្ភិក្សថែមទៀត" ដោយទីបញ្ចប់នៃជម្លោះហាក់មើលមិនឃើញទាល់តែសោះ។

ទន្ទឹមនឹងនេះ លោក Alakbarov ព្រមានថា ស្ថានការណ៍នៅតំបន់ វេសបែង រួមទាំងក្រុងហ្សេរុយសាឡិមខាងកើត “បន្តធ្លាក់ចុះយ៉ាងគ្រោះថ្នាក់” ហើយ “ទឹកដីដែលរំពឹងទុកសម្រាប់រដ្ឋប៉ាឡេស្ទីននាពេលអនាគត ក៏កំពុងរងហានិភ័យផងដែរ"។ ទិន្នន័យអង្គការសហប្រជាជាំតិបានបង្ហាញថា កងកម្លាំងសន្តិសុខអ៊ីស្រាអែល បានបន្តប្រតិបត្តិការនៅវេសបែង ក្នុងទីក្រុងនានានៅភាគខាងជើង និងជំរំជនភៀសខ្លួន ដោយជម្លៀសមនុស្សជាង ៣២.០០០នាក់៕