ចំនួនសេវាប្រៃសណីយ៍ដែលកើនឡើងនៅជុំវិញពិភពលោកកំពុងផ្អាកការដឹកជញ្ជូនកញ្ចប់ទំនិញដែលមានតម្លៃទាបទៅកាន់សហរដ្ឋអាមេរិក ក្រោយពីរដ្ឋបាលលោក Trump បានលុបចោលការលើកលែងពន្ធលើទំនិញប្រភេទនោះ ជាវិធានការថ្មីដែលនឹងចូលជាធរមាននៅថ្ងៃសុក្រ។

ប្រៃសណីយ៍របស់ប្រទេសជប៉ុនកាលពីថ្ងៃពុធ បានបញ្ឈប់ការទទួលយកកញ្ចប់ទំនិញបុគ្គលដែលមានតម្លៃលើសពី១០០ដុល្លារ ឬវត្ថុទាំងឡាយណាសម្រាប់គោលបំណងលក់។ នៅក្នុងទ្វីបអឺរ៉ុប វិធានការស្រដៀងគ្នានេះ ត្រូវបានដាក់ចេញនៅក្នុងប្រទេសជាង២០។ សេវាប្រៃសណីយ៍របស់ប្រទេសបែលហ្ស៊ិក គឺជាសេវាកម្មមួយដែលបានផ្អាកការទទួលយកកញ្ចប់ទំនិញផ្ញើទៅកាន់សហរដ្ឋអាមេរិក ដោយមិនរាប់បញ្ចូលសំបុត្រ និងឯកសារ។ អ្នកនាំពាក្យរបស់សេវាកម្មបញ្ជូនទំនិញរបស់ប្រទេសបែលហ្សិក និយាយថាត្រូវការព័ត៌មានបន្ថែមទៀតពីទីក្រុងវ៉ាស៊ីនតោនអំពីរបៀបដែលការផ្លាស់ប្តូរគោលនយោបាយនឹងត្រូវបានអនុវត្ត។

ការសម្រេចរបស់រដ្ឋបាល លោក Trump នឹងចូលជាធរមាននៅថ្ងៃសុក្រ បណ្តាលឱ្យសេវាប្រៃសណីយ៍ត្រូវផ្អាកនៅក្នុងបណ្តាប្រទេសជាច្រើនដែលនឹងលែងទទួលយកកញ្ចប់ទំនិញផ្ញើទៅកាន់សហរដ្ឋអាមេរិក រហូតដល់មានភាពច្បាស់លាស់អំពីរបៀបដែលវិធានថ្មីនឹងត្រូវបានអនុវត្ត។
រដ្ឋបាល លោក Trump បាននិយាយថា កញ្ចប់ទំនិញដែលមានតម្លៃត្រឹម១០០ដុល្លារអាមេរិកដែលត្រូវបានផ្ញើនៅតែអាចចូលទៅក្នុងប្រទេសនេះបានដោយមិនបង់ពន្ធ។ ប៉ុន្តែទំនិញដែលលើសពីកម្រិតនេះ នឹងត្រូវជាប់ពន្ធក្នុងនោះមាន១៥ភាគរយសម្រាប់ទំនិញពីសហភាពអឺរ៉ុប និង៥០ភាគរយសម្រាប់ប្រទេសឥណ្ឌា។