ស៊ីរី៖ អ្នកជួយសង្គ្រោះ និងអ្នកឃ្លាំមើលសង្គ្រាមប្រទេសស៊ីរីបាននិយាយថា ការវាយប្រហារដោយគ្រាប់រ៉ូកែតលើទីប្រជុំជនប្រទេសស៊ីរីភាគខាងជើង ដែលគ្រប់គ្រងដោយក្រុមអ្នកប្រយុទ្ធរបស់ភាគីប្រឆាំង គាំទ្រដោយប្រទេសទួរគីបណ្តាលឲ្យជនស៊ីវិល ៦នាក់ស្លាប់ និងរងរបួសរាប់សិបនាក់កាលពីថ្ងៃព្រហស្បតិ៍។

ទីប្រជុំជន Afrin បានស្ថិតនៅក្រោមការគ្រប់គ្រងរបស់ប្រទេសទួរគី និងក្រុមអ្នកប្រយុទ្ធប្រឆាំងប្រទេសស៊ីរីដែលជាសម្ព័ន្ធមិត្តចាប់តាំងពីឆ្នាំ២០១៨ បន្ទាប់ពីប្រតិបត្តិការយោធាគាំទ្រដោយប្រទេសទួរគី ដែលបានវាយរុញច្រានក្រុមអ្នកប្រយុទ្ធឃឺដស៊ីរី និងប្រជាជនឃឺដរាប់ពាន់នាក់ចេញពីតំបន់នោះ។ ទីក្រុងអង់ការ៉ាចាត់ទុកក្រុមអ្នកប្រយុទ្ធឃឺដ ដែលគ្រប់គ្រងទឹកដីប្រទេសស៊ីរីនៅតាមព្រំដែនប្រទេសទួគីថាជាក្រុមភេរវករដែលចងសម្ព័ន្ធមិត្តជាមួយក្រុមបះបោរឃឺដក្នុងប្រទេសទួរគី។ ទួរគីបានធ្វើការវាយប្រហារដោយយោធា ៣លើកចូលក្នុងប្រទេសស៊ីរី ដែលភាគច្រើនជាការបណ្តេញកងជីវពលឃឺដស៊ីរីចេញឆ្ងាយពីព្រំដែនរបស់ខ្លួន។ White Helmets ជាក្រុមការពារជនស៊ីវិលប្រទេសស៊ីរីដែលកំពុងប្រតិបត្តិការនៅតំបន់ ដែលកាន់កាប់ដោយក្រុមប្រឆាំងបាននិយាយថា គ្រាប់រ៉ូកែតបានបណ្តាលឱ្យមានភ្លើងឆេះនៅក្នុងតំបន់លំនៅដ្ឋាននៅក្រុង Afrin ដែលក្រុមអ្នកស្ម័គ្រចិត្តរបស់ខ្លួនបានពន្លត់។
អង្គការឃ្លាំមើលសិទ្ធិមនុស្សប្រទេសស៊ីរីដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស ដែលជាក្រុមឃ្លាំមើលសង្គ្រាមបានរាយការណ៏ចំនួនអ្នកស្លាប់ចំនួន ៦នាក់ និងបាននិយាយថា កុមារ ២នាក់ស្ថិតក្នុងចំណោមអ្នកស្លាប់ និងមនុស្ស ៣០នាក់បានរងរបួស។ ក្រុមអ្នកប្រយុទ្ធឃឺដស៊ីរីគឺជាសម្ព័ន្ធមិត្តជាមួយក្រុមចម្រុះដឹកនាំដោយសហរដ្ឋអាមេរិក ក្នុងការប្រយុទ្ធប្រឆាំងទៅនឹងក្រុមសកម្មប្រយុទ្ធរដ្ឋឥស្លាម ដែលបានដណ្តើមកាន់កាប់មួយភាគបីនៃប្រទេសអ៊ីរ៉ាក់ និងស៊ីរីក្នុងឆ្នាំ២០១៤។ ក្រុមរដ្ឋឥស្លាមត្រូវបានកម្ចាត់ ហើយកងកម្លាំងឃឺដចាប់តាំងពីពេលនោះមកបានបង្កើតរដ្ឋបាលស្វយ័តមួយនៅភាគឦសានប្រទេសស៊ីរី ជាកន្លែងដែលកងកម្លាំងអាមេរិកមួយចំនួននៅតែឈរជើងនៅទីនោះ៕
អត្ថបទ៖ ប៊ុនថន