ក្រុមមន្ត្រីបាននិយាយកាលពីថ្ងៃពុធ (២៧ សីហា) ថា ភ្លៀងធ្លាក់ខ្លាំងបានបណ្តាលឱ្យមនុស្សយ៉ាងតិច ៣៤នាក់ ស្លាប់នៅតំបន់កាស្មៀរដែលគ្រប់គ្រងដោយឥណ្ឌា បន្ទាប់ពីព្យុះភ្លៀងបោកបក់ផ្នែកខ្លះនៃប៉ាគីស្ថាន និងឥណ្ឌា ហើយបង្កឱ្យមានទឹកជំនន់យ៉ាងគំហុក និងបំណាក់ដី។

មនុស្សជាង ២១០.០០០នាក់នៅប៉ាគីស្ថាន ត្រូវបង្ខំចិត្តជម្លៀសខ្លួនទៅទីទួលសុវត្ថិភាព ហើយតំបន់ជាច្រើនត្រូវបានជន់លិច។ ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់យ៉ាងគំហុកបែបនេះនៅតំបន់ហិម៉ាឡៃ បានសម្លាប់មនុស្សជិត ១០០នាក់ មកហើយក្នុងខែសីហា ដោយអ្នកព្យាករព្រមានថា ភ្លៀងនឹងបន្តធ្លាក់នៅទូទាំងតំបន់ ក្នុងសប្តាហ៍នេះ។
ដីភ្នំមួយផ្នែកនៅក្រុង Jammu នៃតំបន់កាស្មៀរគ្រប់គ្រងដោយឥណ្ឌា បានបាក់រលំលើផ្លូវធម្មយាត្រាសាសនាហិណ្ឌូដ៏ពេញនិយម បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងនៅក្នុងតំបន់ Katra កាលពីល្ងាចថ្ងៃអង្គារ។ មន្ត្រីគ្រប់គ្រងគ្រោះមហន្តរាយនិយាយថា សាកសពអ្នកធ្វើធម្មយាត្រាត្រូវបានរកឃើញពីក្រោមគំនរបាក់បែក ហើយមនុស្សជាច្រើននាក់ផ្សេងទៀតរងរបួស។
អាជ្ញាធរនៅក្នុងខេត្ត Punjab ភាគខាងកើតប៉ាគីស្ថាន កាលពីថ្ងៃពុធ បានអំពាវនាសុំជំនួយពីកងទ័ពនៅក្នុងកិច្ចប្រឹងប្រែងជួយសង្គ្រោះ បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងបណ្តាលឱ្យទន្លេធំៗជោរជន់លិចភូមិ និងប៉ះពាល់ដល់អ្នកស្រុកជាង ២១ម៉ឺននាក់៕

