ភ្នំពេញ៖ សហភាពអឺរ៉ុប បានសម្ដែងនូវការព្រួយបារម្ភ ចំពោះវិបត្តិនៅក្នុងប្រទេសមីយ៉ាន់ម៉ា និងបានស្វែងរកផែនការរបស់កម្ពុជា ដើម្បីជួយដោះស្រាយស្ថានការណ៍ ដែលកំពុងកើតឡើងនៅប្រទេសមីយ៉ាន់ម៉ា ហើយចាត់ទុកថាជារឿងស្មុគស្មាញ ។
យោងតាមលទ្ធផលនៃកិច្ចសន្ទនាតាមទូរស័ព្ទជាមួយឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ ឯកឧត្តម ចូសេព បូរ៉េល វុនតេលេស តំណាងជាន់ខ្ពស់នៃសហភាពអឺរ៉ុបទទួលបន្ទុកកិច្ចការបរទេស និងសន្តិសុខគោលនយោបាយ និងជាអនុប្រធានគណៈកម្មការអឺរ៉ុប បានអបអរសាទរកម្ពុជា ដែលបានចូលកាន់តំណែងជាប្រធានអាស៊ាន សម្រាប់ឆ្នាំ២០២២ និងការតែងតាំងឯកឧត្តម ប្រាក់ សុខុន ជាប្រេសិតពិសេសរបស់ប្រធានអាស៊ានស្តីពីមីយ៉ាន់ម៉ា ។
ឯកឧត្តម បានទទួលស្គាល់ថា ស្ថានការណ៍នៅក្នុងប្រទេសមីយ៉ាន់ម៉ាមានភាពស្មុគស្មាញ និងពិបាក ហើយសម្ដែងនូវការព្រួយបារម្ភពាក់ព័ន្ធនឹងវិបត្តិ ដែលកំពុងកើតឡើងនៅក្នុងប្រទេសមួយនេះ និងបានស្វែងរកផែនការរបស់កម្ពុជាដើម្បីដោះស្រាយស្ថានការណ៍ ។
ក្នុងជំនួបតាមទូរស័ព្ទនោះ ឯកឧត្តម ប្រាក់ សុខុន បានជំរាបទៅតំណាងសហភាពអឺរ៉ុប ពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី កាលពីថ្ងៃទី៧ និងទី៨ ខែមករា ឆ្នាំ២០២២ ដែលជាការបោះមួយជំហានទៅមុខ ក្នុងការព្យាយាមរកផលចំណេញលើការអនុវត្តការព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច (5PC) ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បន្ថែមថា ដំណើរទស្សនកិច្ចលើកដំបូងរបស់ប្រេសិតពិសេស ស្តីពីមីយ៉ាន់ម៉ា និងសំណើគំនិតផ្ដួចផ្ដើមចំនួនពីរ ដែលសម្ដេចតេជោ បានប្រកាសថា ជាសកម្មភាពតាមដានបន្ត ពីដំណើរទស្សនកិច្ចរបស់សម្ដេច ទៅកាន់មីយ៉ាន់ម៉ា នាពេលថ្មីៗនេះ រួមមានការបង្កើនយន្តការមួយ ដែលមានសមាសភាពមកពីអាស៊ាន Troika និង អគ្គលេខាធិការអាស៊ាន ដើម្បីសម្របសម្រួល និងត្រួតពិនិត្យការអនុវត្តការព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច និងកិច្ចប្រជុំពិគ្រោះយោបល់ ដើម្បីពិភាក្សាអំពីមធ្យោបាយចែកចាយជំនួយមនុស្សធម៌នៅមីយ៉ាន់ម៉ា ។
ឯកឧត្តម ប្រាក់ សុខុន ក៏បានជំរាបជូនអំពីផែនការបង្កើតក្រុម មិត្តរបស់មីយ៉ាន់ម៉ា ដែលជាការផ្ដួចផ្ដើមរបស់ប្រទេសព្រុយណេដារូស្សាឡាម ដោយផ្ដោតលើជំនួយមនុស្សធម៌ និងស្វែងរកការគាំទ្រ និងការចូលរួមពីសហភាពអឺរ៉ុប ។
ឯកឧត្តម បានបញ្ជាក់ថា កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ដើម្បីដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ា ត្រូវបានអនុវត្តស្របតាមការព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច និងធម្មនុញ្ញអាស៊ាន (ASEAN Charter) ហើយនិងផ្អែកលើបទពិសោធន៍ពីអតីតកាលរបស់កម្ពុជា ៕ អត្ថបទ៖ បាន សុខរិទ្ធ

