ប្រធានាធិបតីចិន លោក ស៊ី ជីនពីង នឹងធ្វើជាម្ចាស់ផ្ទះទទួលមេដឹកនាំពិភពលោក ដែលក្នុងនោះមាន ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និងនាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី ចាប់ពីថ្ងៃអាទិត្យនេះ សម្រាប់កិច្ចប្រជុំកំពូលមួយ មុនពេលព្យុហយាត្រាយោធាដ៏ធំមួយ ខណៈដែលលោក កំពុងស្វះស្វែងរកពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ដែលមិនមានទម្រង់បែបលោកខាងលិច។
កិច្ចប្រជុំកំពូលរបស់អង្គការសហប្រតិបត្តិការសៀងហៃ (SCO) នឹងធ្វើឡើង នៅថ្ងៃអាទិត្យ និងថ្ងៃចន្ទ រយៈពេលប៉ុន្មានថ្ងៃមុនក្បួនព្យុហយាត្រាយោធា នៅទីក្រុងប៉េកាំងក្បែរនោះ ដើម្បីប្រារព្ធខួប ៨០ឆ្នាំ ចាប់តាំងពីការបញ្ចប់សង្គ្រាមលោកលើកទី ២ ដែលមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន (Kim Jong Un) នឹងចូលរួម ផងដែរនោះ។

សមាជិកអង្គការ SCO រួមមាន ប្រទេសចិន ឥណ្ឌា រុស្សី ប៉ាគីស្ថាន អ៊ីរ៉ង់ កាហ្សាក់ស្ថាន កៀហ្ស៊ីស៊ីស្ថាន តាជីគីស្ថាន អ៊ូសបេគីស្ថាន និងបេឡារុស ជាមួយនឹងប្រទេសចំនួន ១៦ ទៀត ដែលចូលរួមជាអ្នកសង្កេតការណ៍ ឬជា «ដៃគូសន្ទនា»។
ប្រទេសចិន និងរុស្ស៊ី បានប្រើប្រាស់អង្គការនេះ ដែលជួនកាលត្រូវបានគេចាត់ទុកថា ជាសកម្មភាពទប់ទល់នឹងសម្ព័ន្ធមិត្តយោធាណាតូ ដែលគ្រប់គ្រងដោយលោកខាងលិច ដើម្បីពង្រឹងទំនាក់ទំនងកាន់តែស៊ីជម្រៅ ជាមួយបណ្តារដ្ឋអាស៊ីកណ្តាល។
