នាយករដ្ឋមន្ត្រីបារាំង លោក Francois Bayrou កាលពីថ្ងៃពុធ (ទី២៧ ខែសីហា) បានព្រមានថា ការបោះឆ្នោតសភាមុនអាណត្តិ នឹងមិនជួយស្ដារស្ថិរភាពក្នុងប្រទេសបានឡើយ ដោយការលើកឡើងនេះកើតមានបន្ទាប់ពីរូបលោកបានប្រកាសនូវការបោះឆ្នោតផ្ដល់ទំនុកចិត្ត នៅសភា ក្នុងរយៈពេលមិនដល់ ២សប្តាហ៍ ជាអ្វីដែលត្រូវបានគេរំពឹងយ៉ាងទូលំទូលាយថា លោកនឹងមិនទទួលបានជោគជ័យទេ។
ការសម្រេចដ៏គួរឲ្យភ្ញាក់ផ្អើលរបស់លោក Bayrou ដើម្បីដំណើរការការបោះឆ្នោតផ្ដល់ទំនុកចិត្ត នាថ្ងៃទី៨ ខែកញ្ញា បានធ្វើឲ្យមានក្ដីបារម្ភកាន់តែខ្លាំងឡើងៗថា ប្រទេសបារាំងប្រឈមនឹងការធា្លក់ចូលទៅក្នុងរយៈពេលនៃការមានអស្ថិរភាពនយោបាយ និងហិរញ្ញវត្ថុដែលអូសបន្លាយពេល។
ប្រសិនបើលោក Bayrou មិនជោគជ័យនៅក្នុងការបោះឆ្នោត ដែលត្រូវបានប្រកាសឡើង បន្ទាប់ពីមានការខ្វែងគំនិតគ្នាជាច្រើនខែ ជុំវិញកញ្ចប់ថវិកាដែលមានគោលបំណងកាត់បន្ថយការចំណាយ រូបលោកត្រូវតែលាលែងពីតំណែង រួមជាមួយរដ្ឋាភិបាលទាំងមូលរបស់លោក។
លោកប្រធានាធិបតី Emmanuel Macron អាចតែងតាំងលោកឡើងវិញ ឬជ្រើសរើសឥស្សរជនថ្មីដែលនឹងធ្វើជានាយករដ្ឋមន្ត្រីទី៧ គិតចាប់តាំងពីចូលកាន់តំណែងក្នុងឆ្នាំ២០១៧ ឬប្រកាសការបោះឆ្នោតមុនកាលកំណត់ ដើម្បីទម្លាយភាពជាប់គាំងផ្នែកនយោបាយ ដែលឥឡូវនេះបានធ្វើឲ្យបារាំងធ្លាក់ចូលក្នុងបញ្ហាអស់រយៈពេលជាង ១ឆ្នាំហើយ។
យ៉ាងណាក្ដី នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ TF1 លោក Bayrou បានប្រាប់ថា លោក «មិនជឿ» ថា ការរំលាយរដ្ឋសភា និងការប្រកាសការបោះឆ្នោតមុនអាណត្តិ «នឹងអាចឲ្យប្រទេសយើងមានស្ថិរភាព»។
លោក Bayrou បានប្រាប់ទូរទស្សន៍ TF1 ថា លោកត្រៀមខ្លួនជាស្រេច ដើម្បី «បើកការចរចាចាំបាច់ទាំងអស់» ជាមួយក្រុមប្រឆាំងនឹងកញ្ចប់ថវិកានេះ ប៉ុន្តែ «តម្រូវការជាមុន គឺថា យើងត្រូវព្រមព្រៀងលើសារៈសំខាន់នៃកិច្ចប្រឹងប្រែង» លើការសន្សំដែលត្រូវធ្វើ៕